(ភ្នំពេញ)៖ រហូតដល់រាត្រីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ យុទ្ធនាការតភ្ជាប់ចរន្តអគ្គិសនីតម្លៃ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ ជូនកម្មករ កម្មការិនី និងយោជិត ក៏ដូចជាអ្នកជួលផ្ទះ ជួលបន្ទប់ សម្រេចបានជាង២៣ម៉ឺនបន្ទប់ហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ អគ្គិសនីកម្ពុជា បានឲ្យដឹងថា បន្ទប់ចំនួន២៣៤,៤២០បន្ទប់ ក្នុងនោះក្រុងតាខ្មៅចំនួន៤,៩៣៨បន្ទប់ ត្រូវបានតភ្ជាប់ចរន្តតម្លៃ៦១០រៀលរួចរាល់ហើយ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ អគ្គិសនីកម្ពុជា បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ដល់ម្ចាស់ផ្ទះ ឬបន្ទប់ជួល ដែលបានផ្តល់ការសហការយ៉ាងល្អ។ អគ្គិសនីកម្ពុជា ក៏អរគុណដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច អ្នកជួលផ្ទះ និងបន្ទប់ ព្រមទាំងនិយោជិតអគ្គិសនី ដែលបានខិតខំបំពេញការងារ មិនខ្លាចនឿយហត់។
អគ្គិសនីកម្ពុជា បានសន្យាថា ខ្លួននឹងបន្តការងារនេះ ឲ្យសស្រាក់សស្រាំថែមទៀត រហូតយុទ្ធនាការតបណ្តាញនេះ ត្រូវបានបញ្ចប់ទាំងស្រុង។
សូមបញ្ជាក់ថា យុទ្ធនាការតភ្ជាប់បណ្តាញអគ្គិសនី ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ សម្រាប់អ្នកប្រើប្រាស់ក្រោម ៥០គីឡូក្នុងមួយខែ ទៅកាន់ផ្ទះ ឬបន្ទប់ជួល របស់កម្មករ កម្មការិនី និយោជិត បានធ្វើឡើងចាប់តាមពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ យុទ្ធនាការបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មើលឃើញថា មានកម្មករ-កម្មការិនី និងនិយោជិតនៅតែមិនទទួលបានផល ពីការអភិវឌ្ឍលើវិស័យអគ្គិសនី របស់កម្ពុជា ពោលពួកគេនៅតែប្រើប្រាស់ក្នុងតម្លៃមួយថ្លៃ តាមរយៈការដេញបន្តពីម្ចាស់ផ្ទះ ឬបន្ទប់ជួល។
ការតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀលនេះ គេរំពឹងថា នឹងជួយឲ្យកម្មករ និយោជិត មានជីវភាពបានកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយការ ចំណាយខ្ពស់ទៅលើតម្លៃអគ្គិសនី ដែលកំណត់ដោយម្ចាស់ផ្ទះ ឬបន្ទប់ជួល ក្នុងតម្លៃចន្លោះពី ១៥០០រៀល ទៅ២០០០រៀល ក្នុងមួយគីឡូវ៉ាត់នោះ៕