(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសខួបកំណើតគម្រប់៥៦ឆ្នាំ ឈានចូល ៥៧ឆ្នាំ។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានខ្លឹមសារយ៉ាងដូច្នេះថា «ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យជាទីរាប់អាន ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ គម្រប់ ៥៦ឆ្នាំ ឈានចូល ៥៧ឆ្នាំ ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខ ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក្នុងការជំរុញកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមបានបំពេញបេសកកម្មបម្រើដល់ឧត្តមប្រយោជន៍ជាតិ ឆ្ពោះទៅរកវឌ្ឍនភាព ភាពសុខដុមរមនា និងវិបុលភាពស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕