(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ (Sangri-LaDialog) នៅប្រទេសសឹង្ហបុរី នៅក្នុងឆ្នាំ២០១៦នេះ ដែលនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំនោះ គឺផ្តោតការយកចិត្តទុកដាក់សំខាន់ ទៅលើបញ្ហាសន្តិសុខ តំបន់អាស៊ីប៉ាស៊ីហ្វិក។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានដឹកនាំគណៈប្រតិភូមកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ នៅប្រទេសសឹង្ហបុរី ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។ នៅល្ងាចថ្ងៃទី៦ ខែមិថុនាម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានត្រឡប់មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។
គេហទំព័រក្រសួងការពារជាតិ បានចុះផ្សាយពាក់ព័ន្ធនឹងកិច្ចប្រជុំនោះថា នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ ក៏មានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ មកពីសហរដ្ឋអាមេរិក កាណាដា បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតរួមទាំង អនុរដ្ឋមន្ត្រីការពារជាតិ មេបញ្ជាការកងទ័ព និងវាគ្និនសំខាន់ៗម កពីបណ្តាប្រទេសនានាជុំវិញពិភពលោក សរុបទាំងអស់មាន៥០ប្រទេសបានចូលរួម។
ក្រសួងការពារជាតិបានឲ្យដឹងទៀតថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ បានធ្វើការពិភាក្សាទៅលើសភាពការវិវត្តន៍ថ្មីៗ ស្របពេលដែល តំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតែមានការរីកចំរើនលើវិស័យនយោបាយ សេដ្ឋកិច្ចហើយក្នុងនោះក៏មានការប្រឈម និងបញ្ហាសន្តិសុខផងដែរ។ តាមរយៈកិច្ចប្រជុំនេះ បញ្ហាប្រឈមមួយចំនួនត្រូវបានលើកឡើង និងធ្វើការពិភាក្សា នៅក្នុងកិច្ចប្រជុំដូចបញ្ហាសមុទ្រចិនខាងត្បូង បញ្ហានុយក្លេអ៊ែរនៅកូរ៉េខាងជើង បញ្ហាគ្រោះថ្នាក់ដែលកើតចេញ ពីពួកជ្រុលនិយមនៅលើពិភពលោក និងបញ្ហាសំខាន់ៗជាច្រើនទៀត។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា ក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី៤ និងទី៥ ខែមិថុនា) កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ បានប្រព្រឹត្តិទៅតាមរបៀបវារៈរបស់ខ្លួន ដោយបានពិភាក្សាលើប្រធានបទរួមមាន៖ ការជួបប្រទះនូវបញ្ហាប្រឈមសន្តិសុខ ដ៏ស្មុកស្មាញរបស់អាស៊ី ការគ្រប់គ្រងការប្រកួតប្រជែងផ្នែកយោធានៅអាស៊ី។ ប្រធានបទស្តីពីបញ្ហាប្រឈមនៃការដោះស្រាយវិវាទ និងប្រធានបទស្តីពីការបន្តគោលបំណងសន្តិសុខរួម។ ឆ្លងតាមរយៈនៃសម័យប្រជុំពេញអង្គនីមួយៗ នៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ រាល់ប្រធានបទ ដែលបានលើកឡើងបានផ្តល់វិសាលភាព សំរាប់ការពិភាក្សាយ៉ាងទូលំទូលាយ ទៅលើនិន្នាការសន្តិសុខតំបន់សំខាន់ៗ ក៏ដូចជាអនុញ្ញាតិឲ្យមានការពិនិត្យពិច័យទៅលើ ប្រធានបទយ៉ាងជាក់លាក់ដែលទាក់ទង ទៅនិងតំបន់នាពេលបច្ចុប្បន្ន៕