(សៀមរាប)៖ លោក មុយ ប៊ុនឆៃ ប្រជាពលរដ្ឋមួយរូបដែលបានរស់នៅលើដីចំណីផ្លូវ ក្នុងក្រុងសៀមរាប ក្រោយមន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេលប្រមាណជា២០ឆ្នាំ។
នៅពេលរាជរដ្ឋាភិបាលចាប់ផ្តើមរៀបចំកែលំអរ និងស្តារផ្លូវក្នុងក្រុងសៀមរាប ក៏ដូចជារៀបចំមាត់ស្ទឹងសៀមរាបនៅចុងឆ្នាំ២០២០ លោក ប៊ុនឆៃ រួមជាមួយប្រជាពលរដ្ឋរស់លើចំណីផ្លូវ និងចំណីស្ទឹងជាង ៥០០នាក់ផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរសម្របសម្រួលឱ្យរើចេញ ដោយផ្តល់ដីគោលនយោបាយនៅភូមិរុនតាឯកទំហំប្រមាណ ២០ម៉ែត្រ គុណឹង ៣០ម៉ែទ្រ។
លោក ប៊ុនឆៃ និងប្រជាពលរដ្ឋប៉ះពាល់ជាមួយគម្រោងដទៃទៀត ក៏បានស្ម័គ្រចិត្តមករស់នៅលើភូមិឋានថ្មី ដែលមានចម្ងាយប្រមាណជា ២៤គីឡូម៉ែត្រពីក្រុងសៀមរាប។
ជាមួយនឹងការដោះនាំប្រជាពលរដ្ឋចេញពីក្រុងសៀមរាប អាជ្ញាធរក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា មានដូចជាផ្លូវ ទឹក និងភ្លើងជាដើម ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ប៊ុនឆៃ និងគ្រួសារ បានសង់ផ្ទះមួយសមរម្យ ខណៈដីមួយចំហៀងទៀតជួលទៅឱ្យអ្នកប្រតិបត្តិការសាសនាគ្រឹស្ត។ លោក ប៊ុនឆៃ និងគ្រួសារ ក៏ដូចជាពលរដ្ឋដទៃទៀត បានតាំងទីលំនៅក្នុងភូមិឋានថ្មីបានរយៈពេលជិតពីរឆ្នាំហើយ។
ជាមួយការរស់នៅក្នុងភូមិរុនតាឯកនេះ លោក ប៊ុនឆៃ បានសម្តែងការពេញចិត្ត និងរីករាយក្នុងជីវភាពថ្មី បើទោះបីឆ្ងាយពីក្រុងបន្តិច តែលោកទទួលបានដីជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយក៏មានអារម្មណ៍ស្រស់ស្រាយច្រើន បើធៀបការនៅលើដីចំណីផ្លូវដែលតូចចង្អៀត។
ពលរដ្ឋដែលធ្លាប់ផ្ញើវាសនាលើដីចំណីផ្លូវរូបនេះ ក៏បានបង្ហាញការពេញចិត្តចំពោះការរៀបចំ និងចាត់ចែងរបស់អាជ្ញាធរ។ លោក ប៊ុនឆៃ រំពឹងថា ភូមិធម្មជាតិរុនតាឯក នឹងកាន់តែអ៊ូអរ និងស្រស់បំព្រងថែមទៀត បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចអភិវឌ្ឍន៍តំបន់នេះ ជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប៕