(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងមានការលិចខ្លាំងទាំង៥ឃុំ នៃស្រុកប្រាសាទសំបូរ បង្កមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន បន្តតាមដាននូវស្ថានភាពទឹកជំនន់ និងចាត់វិធានការជម្លៀសប្រជាពលរដ្ឋនៅតំបន់ទឹកលិចឲ្យឆាប់រហ័ស មករកទទួលមានសុវត្ថិភាព។ ម្យ៉ាងវិញទៀត អភិបាលក្រុងស្រុក ត្រូវតាមដានស្ថានភាពភូមិដាច់ស្រយាល ដែលប្រជាពលរដ្ឋបានរស់នៅដែលទទួលការគំរាមកំហែងពីទឹកជំនន់ ត្រូវពន្យល់ និងអប់រំពួកគាត់មករកទីទួលសុវត្ថិភាព។
លើសពីនេះទៀត លោកអភិបាលខេត្ត បានណែនាំឲ្យធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវនាំគ្នាមកលេងទឹកដែលកំពុងហូរខ្លាំងនោះ ដែលអាចបង្កឲ្យមានគ្រោះ ព្រមទាំងដាក់កម្លាំងប្រចាំការ និងដាក់បំរាមមិនត្រូវឲ្យប្រជាពលរដ្ឋមកលេងទឹកជាដាច់ខាត ដែលអាចបង្កឲ្យមានគ្រោះថា្នក់ជាយថាហេតុ។
លោក ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកបោះទីតាំងលើទីទួលសុវត្ថិភាព សូមរក្សាសុខភាព រក្សាអនាម័យ ហូបចុកស្អាត ផឹកស្អាត ត្រូវទុកដាក់កាកសំណល់ឲ្យត្រឹមត្រូវជាដើម។ លោកក៏បានជំរុញអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ ត្រូវជួយដោះស្រាយក្នុងការសម្រួលដល់ពលរដ្ឋដើម្បីជួយយកសត្វពាហនៈមកទីទួលសុវត្ថិភាពឲ្យបានទាន់ពេលវេលា ហើយក្នុងករណីមានការចាំបាច់ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕