(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន១០គ្រឿង ក្នុងនោះចង្កូតឆ្វេង ១៥គ្រឿង និងចង្កូតស្តាំ ១គ្រឿង។
រថយន្តទាំង១០គ្រឿងនោះរួមមាន៖
១៖ រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2008
២៖ រថយន្តម៉ាក LEXUS RX330 ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2004
៣៖ រថយន្តម៉ាក LEXUS RX330 ពណ៌ស ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2005
៤៖ រថយន្តម៉ាក LEXUS RX330 ពណ៌ទឹកប្រាក់ ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2005
៥៖ រថយន្តម៉ាក Chevrolet Trailblazer ពណ៌ខ្មៅ ប្រភេទទេសចរណ៍ ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំផលិត2018
៦៖ រថយន្តម៉ាក Toyota SIENNA ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2011
៧៖ រថយន្តម៉ាកToyota Camry ពណ៌ស ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2012
៨៖ រថយន្តម៉ាក Toyota Highlander ពណ៌ទឹកប្រាក់ ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2005
៩៖ រថយន្តម៉ាក LEXUS RX400h ពណ៌ស ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2006
១០៖ រថយន្តម៉ាក LEXUS GS300 ពណ៌ស ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2006។
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាករ រាជធានី-ខេត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ការអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយពុំមានការពន្យារពេលឡើយ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឲ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធ និងអាករនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឲ្យបានមុនការកំណត់ដូចបានជម្រាបជូនខាងលើជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ។
ក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួចដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករគឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ៕