(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សជូនដល់គ្រួសាររងគ្រោះចំនួន២៥០គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំចំនួន២ នៃស្រុកភ្នំព្រឹក ក្នុងនោះឃុំបួរចំនួន២១១គ្រួសារ និងឃុំភ្នំព្រឹកចំនួន៣៩គ្រួសារ។

ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បាននាំនូវការផ្ដាំផ្ញើសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបន្ដថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេល គឺអាចជួយសម្រាលទុក្ខលំបាលរបស់បងប្អូនបានមួយរយៈ ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

បន្ថែមពីនេះ លោក សុខ លូ ក៏បានអំពាវនាវដល់លោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ បន្តទៀត ដើម្បីបង្ការខ្លួន ពីការឆ្លងជំងឺកូវីដ-១៩។

អំណោយមនុស្សធម៌បានផ្ដល់ជូនមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ១កេស, មុង១, ភួយ១, សារុង១, ក្រមា១, ត្រីខ១យួរ, ទឹកត្រី១យួរ និងទឹកស៉ីអ៉ីវ១យួរ៕