រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារផ្សេងៗ សម្រាប់រៀបចំពិធីប្រណាំងទូក «ង» ខ្នាតអន្ដរជាតិនៅក្រុងកំពង់ចាម
30-09-2022 20:58
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើការអំពាវនាវដល់សប្បុរសជននានា ជួយឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារផ្សេងៗ ដល់គណៈកម្មការខេត្តរៀបចំពិធីប្រណាំងទូក នៅខេត្តកំពង់ចាម ដើម្បីផ្តល់លទ្ធភាពដល់គណៈកម្មការខេត្ត ក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំទូកខ្នាតអន្ដរជាតិ នៅក្រុងកំពង់ចាម ឲ្យទទួលលទ្ធផលល្អប្រសើរ។
តាមរយៈលិខិតអំពាវនាវ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីថែរក្សាប្រពៃណីពីបរមបុរាណយូរលង់មកហើយ និងជាការលើកស្ទួយវិស័យកីឡាប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ ក៏ដូចជាការលើកទឹកចិត្តដល់កីឡាករទូក។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងការតាំងពិព័រណ៍។
រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹម និងជឿជាក់លើសន្តានចិត្ត សម្ដេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ អស់លោក លោកស្រី ពិតជាជួយឧបត្ថម្ភ និងគាំទដល់កម្មវិធីនេះ៕