(ភ្នំពេញ)៖ ភាគីកម្ពុជាជំរុញឱ្យបណ្តាប្រទេសសមាជិកអាស៊ានពង្រឹងទំនាក់ទំនងភាពជាដៃគូ និងការស្វែងរកយុទ្ធសាស្ត្ររួមគ្នាជាមួយជាសាធារណរដ្ឋកូរ៉េ ដើម្បីធានាឱ្យបាននូវស្ថិរភាព សុខសន្តិភាព ការអភិវឌ្ឍ និងវិបុលភាព ពិសេសដើម្បីបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតចេញពីការគំរាមកំហែងនៃវិបត្តិសកល ដូចជាវិបត្តិសង្គ្រាម បម្រែបម្រួលអាកាសធាតុ ការប្រកួតប្រជែងរវាងមហាអំណាចជាដើម។

នេះបើតាមការលើកឡើងរបស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នាឱកាសអញ្ជើញជាអធិបតីក្នុងនាមតំណាងលោករដ្ឋមន្ត្រី ព្រំ សុខា ក្នុងពិធីបិទសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិសម្រាប់ឆ្នាំ២០២២ ស្ដីពីការពង្រឹងភាពជាដៃគូរវាងអាស៊ាននិងសាធារណរដ្ឋកូរ៉េ ក្នុងដំណាក់កាលក្រោយវិបត្តិជំងឺកូវីដ១៩ ដើម្បីកសាងអនាគតរួមគ្នា ក្រោយប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ។

លោក យក់ ប៊ុនណា បានឱ្យដឹងថា អស់រយៈពេលជាងពីរឆ្នាំមកហើយ វិបត្តិកូវីដ១៩នៅតែបន្តគំរាមកំហែងសេដ្ឋកិច្ចពិភពលោក និងបណ្តាប្រទេសនានា រួមទាំងកម្ពុជា និងបណ្តាប្រទេសអាស៊ានផងដែរ។ បន្ថែមពីលើនេះ ការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក សង្គ្រាមរវាងរុស្ស៉ីនិងអ៊ុយក្រែន បម្រែបម្រួលអាកាសធាតុ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ជាពិសេសរវាងសហរដ្ឋអាម៉េរិកនិងចិន បានបង្កជាបញ្ហាប្រឈមនិងហានិភ័យប៉ះពាល់ដល់គោល​ជំហរនិងគោលនយោបាយរបស់បណ្តាប្រទេសនានាក្នុងតំបន់ ចំពោះស្ថានភាពនៃភូមិសាស្ត្រនយោបាយដែលមានភាពស្មុគ្រស្មាញ និងមិនប្រាកដប្រជាខ្ពស់បែបនេះ។

លោកបានបន្តថា នៅចំពោះមុខស្ថានភាពនៃវិបត្តិបែបនេះ ទាមទារឱ្យមាននូវការខិតខំពង្រីកនិងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូទាំងក្នុងតំបន់ និងពិភពលោក ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ ព្រមទាំងយុទ្ធសាស្ត្រក្នុងការបន្តកិច្ចសហប្រតិបត្តិការសម្រាប់ការស្តារឡើងវិញនូវការអភិវឌ្ឍប្រទេសក្រោយវិបត្តិកូវីដ១៩ និងការកសាងសហគមន៍តំបន់មួយឱ្យមានការរីកចម្រើនប្រកបដោយនិរន្តភាព។

លោកបានថ្លែងថា «បណ្តាប្រទេសនានាក្នុងតំបន់អាស៊ានរួមទាំងកម្ពុជាផងទាមទារចាំបាច់និងបន្ទាន់ឱ្យមាននូវការពង្រឹងសមត្ថភាពរដ្ឋ ក៏ដូចជាការពង្រឹងទំនាក់ទំនងភាពជាដៃគូនិងការស្វែងរកយុទ្ធសាស្ត្ររួមគ្នា ក្នុងការធានាឱ្យបាននូវស្ថិរភាព សុខសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រទេសរៀងៗខ្លួន»

ចំណុចសំខាន់ដែលលោក យក់ ប៊ុនណា ជំរុញឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ គឺដោយសារសាធារណរដ្ឋកូរ៉េជាដៃគូ​អភិវឌ្ឍដ៏សំខាន់​មួយដែលតែងតែផ្តល់ជំនួយទៅដល់សមាជិកអាស៊ាន ទៅលើវិស័យសំខាន់ៗមួយចំនួនដែលក្នុងនោះមានសន្តិភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច កសាងហេដ្ឋា​រចនាសម្ពន្ធ ការពង្រឹងលើវិស័យកសិកម្ម ការអភិវឌ្ឍវិស័យថាមពល ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងការគាំទ្រវិស័យសង្គមកិច្ច និងវប្បធម៌។ សាធារណរដ្ឋ​កូរ៉េក៏​ជាអ្នកវិនិយោគសំខាន់និងដៃគូពាណិជ្ជកម្មដ៏មានតម្លៃសម្រាប់អាស៊ានក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍរួមគ្នាទាំងក្នុងពេល​បច្ចុប្បន្ននិង​នាពេល​អនាគត។ លើសពីនេះទៀត សាធារណរដ្ឋកូរ៉េបានរួមចំណែកជួយរក្សាតុល្យភាពក្នុងការប្រកួតប្រជែងរវាងមហាអំណាចក្នុងតំបន់។

បើតាមលោករដ្ឋលេខាធិការប្រចាំការ កិច្ចសហប្រតិបត្តិកូរ៉េ-អាស៊ានគួរតែបន្តផ្តោតទៅលើសកម្មភាពសំខាន់ៗ ដូចជា៖ (១) ការពង្រឹងទំនាក់ទំនងមនុស្សនិងមនុស្ស ស្ថាប័ននិងស្ថាប័ន តាមរយៈការផ្លាស់ប្តូរវប្បធម៌និងការអប់រំ (២) ពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងតំបន់ (៣) ស្តារចង្វាក់ផ្គត់ផ្គត់ដែលបានកាត់ផ្តាច់ដោយសារវិបត្តិកូវិដ-១៩ឡើងវិញ (៤) ស្វែងរកវិធីសាស្ត្រដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគ រួមបញ្ចូលទាំងឧទហ្សាកម្មធន់តូច និងមធ្យម (៤) ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច (៥) សិក្សាអំពីបទពិសោធជោគជ័យក្នុងក្របខណ្ឌការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសកូរ៉េ ដើម្បីកសាងគោលនយោបាយអភិវឌ្ឍប្រទេសរបស់ខ្លួននីមួយៗ (៦) កូរ៉េគួរបន្តគាំទ្រសមាជិកអាស៊ានក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងប្រព័ន្ធសុខភាពសាធារណៈនៅគ្រប់កម្រិត៕