(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងលទ្ធផលបណ្ដោះអាសន្ន នៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក នុត សុខុម បានបញ្ជាក់ថា មុនបើកដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ គ.ជ.ប ត្រូវផ្សព្វផ្សាយជាសាធារណៈនូវចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ចំនួនស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។
លោកបន្ដថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងដោយមានកិច្ចខិតខំប្រឹងប្រែងពីមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេស គ.ជ.ប ទទួលបានលទ្ធផលល្អ ក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ៖
* ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន១០,៨៧៧,០១៧នាក់ ក្នុងនោះស្រីមានចំនួន៥,៥៦៨,៣៩៨នាក់
* ប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ មានចំនួន៩,២០៥,៦៨១នាក់
* ចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២ មានចំនួន៤០៩,០៥៦នាក់
* ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន១០៤,៩៥៦នាក់
* ចំនួនការិយាល័យបោះឆ្នោត ឆ្នាំ២០២២ ប៉ាន់ស្មានមានចំនួន ២៣,៧៦០ការិយាល័យ។
ចំពោះការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ លោក នុត សុខុម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៤.៥៨០.៦០៣នាក់ ស្មើនឹង ៤៩.៧៦ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ ការងារចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
លោកបានបញ្ជាក់ទៀតថា លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការលើកនេះ គ.ជ.ប បោះពុម្ពមានភ្ជាប់រូបថតសាមីខ្លួន ដែលធ្វើឲ្យមានភាពងាយស្រួលដល់ការចែកជូនប្រជាពលរដ្ឋ៕