(សៀមរាប)៖ កងវិស្វកម្មតេជោហ៊ុនសែនសៀមរាប ដែលមាននាយឧត្តមសេនីយ៍ ខេង សុមេធ ជាមេបញ្ជាការនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចឱ្យកសាងហេដ្ឋារចនាសម្ព័ន្ធ និងបោសសំអាតព្រៃនៅតំបន់អភិវឌ្ឍន៍រុនតាឯក បង្កើតជាភូមិឋានជូនប្រជាពលរដ្ឋផ្លាស់ទីពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកដីព្រៃនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ផ្តល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទំហំប្រមាណ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់នានាចេញពីរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ដីនៅតំបន់ស្ថិតនៅចម្ងាយប្រមាណជា ២៤គីឡូម៉ែត្រពីក្រុងសៀមរាប ហើយបច្ចុប្បន្នជាប្រភេទដីព្រៃរិចរិល។
ក្រៅតែពីការបែងចែកដីសម្រាប់ធ្វើលំនៅឋានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឱ្យរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងផ្សារជាដើមសម្រាប់បង្កភាពងាយស្រួលសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ដើម្បីសាងសង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនានាបាននោះ តម្រូវឱ្យមានការឈូសឆាយ និងបោសសំអាតព្រៃនៅតំបន់នេះ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានទទួលបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ឱ្យបោសសំអាតព្រៃ រៀបចំដី និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ក្នុងពេលវេលាមួយលឿនបំផុត។
ដើម្បីសម្រេចនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ ខេង សុមេធ ហៅលោកតាភ្នំ១០០ បានចាត់ចែងកម្លាំងប្រកបដោយភាពរហ័សរហួនជាទីបំផុត។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានប្រាប់ Fresh News ថា លោកបានដាក់គ្រឿងចក្រសរុបជាង ២០០គ្រឿង និងកម្លាំងរហូតដល់ទៅជាង ១ពាន់នាក់ បើកប្រតិបត្តិការកែប្រែតំបន់ព្រៃរុនតាឯក ទៅជាភូមិឋានដ៏ស្រស់បំព្រងរបស់ប្រជាពលរដ្ឋ។
ក្នុងប្រតិបត្តិការនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានដឹកនាំកម្លាំងប្រតិបត្តិការដោយផ្ទាល់មិនគិតថ្ងៃបុណ្យទានអ្វីនោះឡើយ។ បច្ចុប្បន្នគ្រឿងចក្រ និងកងកម្លាំងកំពុងប្រតិបត្តិការយ៉ាងសស្រាក់សស្រាំជាទីបំផុត។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានបង្ហាញក្តីរំពឹងថា ការងារបោសសំអាតព្រៃ រៀបចំដី និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា អាចនឹងបញ្ចប់ក្នុងរយៈពេលមួយដ៏ខ្លី តាមការចង់បានរបស់សម្តេចតេជោ ដើម្បីឱ្យប្រជាពលរដ្ឋឆាប់បានសាងសង់លំនៅឋាន និងចូលមករស់នៅ។
របាយការណ៍បានបង្ហាញថា ការឈូសឆាយរៀបចំដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯកសម្រេចបានទំហំជាង ៤៣១ហិកតា ស្មើនឹងជាង ៧៦ភាគរយនៃផ្ទៃដីសរុបទំហំ ៥៦៦ហិកតា។ ការស្ថាបនាផ្លូវក្រួសក្រហមបានប្រវែងប្រមាណ ២០គីឡូម៉ែត្រ, ការសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ២៤បន្ទប់ និងអគារទីចាត់ការ និងបណ្ណាល័យ ១ខ្នង ស្មើនឹង ៣បន្ទប់ សម្រេចបាន ១៥ភាគរយ។
ការសាងសង់មណ្ឌលសុខភាពរួមមាន៖ អគារជំងឺទូទៅ ១ខ្នង, អគារសម្ភព ១ខ្នង និងអគារស្នាក់នៅរបស់គ្រូពេទ្យ ១ខ្នង សម្រេចបាន ១៥ភាគរយ, ការសាងសង់ផ្សារចំនួន ៨ខ្នង សម្រេចបាន ៥ភាគរយ។
ការរៀបចំប្រព័ន្ធបញ្ជូនទឹកស្អាតចាប់ពីចំណុចផ្សារអង្គ្រង តាមបណ្តោយផ្លូវជាតិលេខ៦៦ ចូលដល់ទីតាំងតំបន់អភិវឌ្ឍន៍រុនតាឯកប្រវែង ១៧គីឡូម៉ែត្រ កំពុងត្រូវបានរៀបចំដំណើរការ។
សាងសង់បង្គោលអង់តែនទូរស័ព្ទចំនួន ៥បង្គោល ក្នុងនោះ ២បង្គោល គ្រោងនឹងបញ្ចប់ការសាងសង់នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និង៣បង្គោលទៀត គ្រោងសាងសង់ជាបន្តបន្ទាប់។
ការរៀបចំតបណ្តាញអគ្គិសនីជំហានទី១ នៅក្នុងតំបន់១ និងតំបន់២នៃតំបន់អភិវឌ្ឍន៍រុនតាឯក សម្រេចបានប្រមាណ ៥ភាគរយ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបណ្តុះបណ្តាលផ្នែកកសិកម្ម និងចែកកូនមាន់ កូនទា កូនត្រី និងពូជបន្លែជូនប្រជាពលរដ្ឋផងដែរ៕