(ភ្នំពេញ)៖ ដើម្បីឈានទៅសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក ជាថ្មីម្តងទៀតលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដាក់ចេញនូវផែនការទិសដៅសម្រាប់អនុវត្តបន្តទៀត រួមមាន ការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព និងត្រូវរួមគ្នាខិតខំអនុវត្ត បទបញ្ជា ក៏ដូចជាអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត។
ផែនការសម្រាប់អនុវត្តបន្តទៀតនេះ ត្រូវបានលោកអភិបាលខណ្ឌលើកឡើង នាព្រឹកទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដែលមានការចូលរួមពីលោក-លោកស្រីអភិបាលរង លោកនាយក-នាយករងរដ្ឋបាល លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ លោកចៅសង្កាត់-សង្កាត់រងទាំង៧ និងមន្ត្រីពាក់ព័ន្ធ។
លោក សុខ សម្បត្តិ បានរំលឹកដល់មន្ត្រីត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឲ្យចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព។
បន្ថែមពីនេះ លោកបានណែនាំឲ្យសមត្ថកិច្ចត្រូវរួមគ្នាអនុវត្តបទបញ្ជា ឬអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលុបបំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទខុសច្បាប់ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោក សុខ សម្បត្តិ បានណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តតាមដាន និងត្រួតពិនិត្យហាងកុងស៊ីបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋាន ហើយត្រូវរួមគ្នាខិតខំអនុវត្ត និងពង្រឹងការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពមូលដ្ឋាន៕