(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានសេចក្តីជូនដំណឹង ស្តីពីការអំពាវនាវឱ្យចូលរួមប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត MPTC Speed Test ។
ទន្ទឹមនឹងនេះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។
កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល [email protected] ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។
ក.ប.ទ. សូមអំពាវនាវជាថ្មីម្ដងទៀត ដល់សាធារណជនទាំងអស់ចូលរួមទាញយក (Download) កម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “MPTC Speed Test” លើ App Store និង Play Store ឬ ស្កេន QR Code ខាងក្រោម ជាការស្រេច។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាប និងសូមបណ្តាញសារព័ត៌មានមេត្តាជួយផ្សព្វផ្សាយអំពីកម្មវិធីនេះឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។
ដើម្បីទាញយក សូមចូលតំណភ្ជាប់ខាងក្រោម៖
✅សម្រាប់ Android: https://play.google.com/store/apps/details?id=com.samknows.mptc
✅សម្រាប់ iOS: https://apps.apple.com/kh/app/mptc-speed-test/id1597737736