(ភ្នំពេញ)៖ ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុជាច្រើន និង គ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនធំ ព្រមទាំងថវិកា ត្រូវបានសម្តេចព្រះចៅអធិការវត្តមង្គលវ័ន, ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ និងព្រះចៅអធិការវត្តសំពៅមាស បានរៀបចំពិធីប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ដើម្បីយកទៅប្រើប្រាស់ ក្នុងការបន្តសកម្មភាពមនុស្សធម៌ ចែកជូនដល់ពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាន។
ពិធីប្រគល់ទេយ្យទាន ទេយ្យវត្ថុ ជូនដល់កាកបាទក្រហមខណ្ឌ៧មករា នៅពេលនេះ ធ្វើឡើងនៅក្នុងព្រះវិហារវត្តមង្គលវ័ន ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមទាំងសមាជិក សមាជិកា កាកបាទក្រហម ជាច្រើនរូបទៀតផងដែរ។
មន្ត្រីកាកបាទក្រហមខណ្ឌ ៧មករា បានឲ្យដឹងថា ទេយ្យទាន ទេយ្យវត្ថុ ដែលប្រគល់ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌ រួមមាន៖
១៖ ថវិកា ចំនួន ៦លានរៀល
២៖ អង្ករ ចំនួន ២៤បាវ
៣៖ មី ចំនួន ៧២កេស
៤៖ ទឹកដោះគោ ចំនួន ៣០០កំប៉ុង
៥៖ ទឹកក្រូច ចំនួន ២១កេស
៦៖ ទឹកសុទ្ឋ ចំនួន ២១កេស
៧៖ ទឹកត្រី៖ ទឹកស៉ីអ៉ីវ ចំនួន ៦០យួរ
៨៖ ត្រី ខ ចំនួន ៨៦៤កំប៉ុង
៩៖ ស្ករ ស ចំនួន ៣៦០គីឡូក្រាម
១០៖ តែ ចំនួន ៤៥០កញ្ចប់។
លោក ថេង សុថុល បានសម្តែងនូវអារម្មណ៍រីករាយសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត នូវទឹកព្រះទ័យករុណាទិគុណរបស់ ព្រះចៅអធិការទាំង៣វត្ត ដែលបានមានសន្ធារជ្រះថ្លា បានផ្តល់នូវទេយ្យទាន ក៏ដូចជាទេយ្យវត្ថុទាំងអស់នេះ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ដើម្បីយកទៅប្រើប្រាស់ ក្នុងសកម្មភាពមនុស្សធម៌ របស់អាជ្ញាធរខណ្ឌទាំងមូល។ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា លោក ថេង សុថុល សន្យាថា នឹងនាំអំណោយទាំងនេះ ចែកជូនដល់ពលរដ្ឋ ដែលខ្វះខាត ដោយផ្ទាល់ដៃ។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សម្តេចព្រះចៅអធិការវត្តមង្អុលវ័ន បានមានថេរដីកា ឲ្យដឹងថា ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុ ដែលត្រូវបានប្រគល់ជូននៅពេលនេះ គឺជាកុសលផលបុណ្យរបស់ញាតិញោមពុទ្ធិបរស័ទជិតឆ្ងាយ ដែលបានយកមកវេរប្រគេនដល់គណៈសង្ឃក្នុងវត្ត ក្នុងការឧទ្ធិលកុសលផលបុណ្យ ជូនដល់ញាតិការទាំង៧សណ្តានរបស់ពួកគេ ដែលបានចែកកាយរំលាយឋានទៅកាន់បរលោក នៅជាតិខាងមុន។ ដូច្នេះហើយ កុសលផលបុណ្យទាំងនេះ ក្នុងនាមជាព្រះសង្ឃ ដែលគោរពនូវព្រះពុទ្ធសាសនា ក៏សុំធ្វើការវេរប្រគល់បន្តទៅកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ដើម្បីទៅប្រើប្រាស់បន្តក្នុងផលល្អ ពិសេសសកម្មភាពមនុស្សធម៌ ក្នុងការចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជួបការខ្វះខាតលំបាកតែម្តង៕