(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថា កម្ពុជាគឺជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានស្តារឡើងវិញនូវរបបរាជានិយម ព្រោះនេះគឺជាតម្លៃនៃអត្តសញ្ញាណជាតិ និងតម្លៃនៃរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក សួស យ៉ារ៉ា អនុប្រធានទី១ និងជាប្រធានគណៈកម្មការកិច្ចការបរទេស នៃគណៈទាក់ទងបរទេសគណបក្សប្រជាជនកម្ពុជា សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមសន្និសីទពិសេសនៃអង្គការ ICAPP ស្តីអំពី «ការអភិវឌ្ឍនយោបាយអាស៉ីតាមរយៈគណបក្សនយោបាយ» ដែលសហការរៀបចំ ឡើងដោយ គណបក្សមីនជូ (គណបក្សសាធារណៈរដ្ឋ) និង គណបក្សអំណាចប្រជាជន នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល នៅថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២២។

សន្និសីទពិសេសនេះ ត្រូវបានប្រកាសបើកក្រោមអធិបតីភាពរបស់លោក គីម ជីនលូ ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ លោក ជុង អីយ៉ុង សហប្រធានអង្គការ ICAPP (សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី) លោក ចូ ខាងស៉ីក សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP មកពីគណបក្សមីនជូ លោក ហា តែខ្លុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP មកពីគណបក្សអំណាចប្រជាជន និងមានការចូលរួមពីតំណាង គណបក្សជាសមាជិក ICAPP ចំនួន ២២ គណបក្សនយោបាយមកពី ១៣ ប្រទេស។ តំណាងគណបក្សនយោបាយបានចែករំលែកបទពិសោធន៍នៅក្នុងប្រទេសខ្លួន លើប្រធានបទចំនួន ២ គឺ ១៖ តួនាទីគណបក្សនយោបាយនៅក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និង ២៖ ប្រព័ន្ធបោះឆ្នោតសាធារណៈនិងការអភិវឌ្ឍរបស់គណបក្សនយោបាយ។

ប្រតិភូគណបក្សប្រជាជនកម្ពុជា បានរំលឹកឡើងវិញនូវគោលបំណងដំបូងនៃការបង្កើត ICAPP គឺដើម្បីធ្វើការរួមគ្នាអភិវឌ្ឍនយោបាយនៅតំបន់អាស៉ី និងសម្រេចបាននូវទស្សវត្សអាស៉ីដ៏រុងរឿង។ គណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងអំពីប្រព័ន្ធបោះឆ្នោតសមាមាត្រ នៃរបបប្រជាធិបតេយ្យសភានិយម នៅកម្ពុជាដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ហើយកម្ពុជាគឺជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានស្តារឡើងវិញនូវរបបរាជានិយម ព្រោះនេះគឺជាតម្លៃនៃអត្តសញ្ញាណជាតិនិងតម្លៃនៃរដ្ឋធម្មនុញ្ញ។

គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានផ្តួចផ្តើមគំនិតបង្កើត ក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) នៅក្រោមអង្គការ ICAPP គឺក្នុងគោលបំណងលើកតម្លៃ ការពារ និងអភិរក្សវប្បធម៌ចម្រុះរបស់អាស៉ី ដែលជាអត្តសញ្ញាណអាស៉ី ដើម្បីប្រជាជននៃប្រទេសនីមួយៗ និងវិបុលភាពរួមនៃទ្វីបអាស៉ីដ៏រុងរឿង។

សន្និសីទបានអនុម័តលើ «សេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល» ដោយបានទទួលស្គាល់ថា៖

១៖ គណបក្សនយោបាយ គឺជាកម្លាំងជំរុញនៃទំនើបកម្មប្រជាធិបតេយ្យ ដែលផ្សារភ្ជាប់ប្រជាជនក្នុងសង្គមរៀងខ្លួន
២៖ តួនាទីគណបក្សនយោបាយកាន់តែមានសារៈសំខាន់ ក្នុងរួមគ្នាប្រយុទ្ធប្រឆាំងនិងបញ្ហារួមដូចជា ជំងឺរាតត្បាត បម្រែបម្រួលអាកាសធាតុ និងភាពតានតឹងផ្នែកភូមិសាស្តនយោបាយ ដើម្បីធានាការអភិវឌ្ឍស្មើភាពនិងចីរភាព នៅក្នុងនិងជុំវិញប្រទេសរបស់យើង
៣៖ ប្រព័ន្ធបោះឆ្នោតសាធារណៈ គឺជាគ្រោងឆ្អឹងនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយការត្រួតពិនិត្យ និងការគ្រប់គ្រងប្រព័ន្ធបោះឆ្នោត ជាគន្លឹះនៃរដ្ឋាភិបាលស្របច្បាប់និងប្រជាធិបតេយ្យ៕