Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល នឹងបោសសម្អាតល្បែងស៉ីសងខុសច្បាប់ឲ្យអស់នៅខេត្តព្រះសីហនុ ហើយយកខេត្តមួយនេះជាគំរូសម្រាប់បណ្ដាខេត្តដទៃ (Video inside)

30-09-2022 16:18

(ព្រះសីហនុ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបោសសម្អាតបន្ថែមទៀត នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទឲ្យនៅខេត្តព្រះសីហនុ ហើយកំណត់យកខេត្តមួយនេះជាគំរូសម្រាប់បណ្ដាខេត្តដទៃផ្សេងទៀត។

នេះជាការលើកឡើងរបស់លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅខេត្តព្រះសីហនុ។

លោក សុខ ផល បានលើកឡើងថា បទល្មើសល្បែងស៊ីសងខុសច្បាប់ អាជ្ញាធរបានប្រកាសកាលពីសប្តាហ៍មុន ដោយណែនាំឲ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯង ហើយមកដល់ពេលនេះ មានរយៈពេល៨ថ្ងៃ និងពិនិត្យឃើញថា ទីតាំងខ្លះបានឈប់ ជាទូទៅកន្លែងជាច្រើនត្រូវបានបញ្ឈប់ដោយខ្លួនឯង ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់។

លោកសន្ដិបណ្ឌិត សុខ ផល បានថ្លែងបែបនេះថា «បទល្មើសល្បែងស៊ីសងខុសច្បាប់ យើងបានប្រកាសកាលពីសប្តាហ៍មុនហើយ សុំឲ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯង មកដល់ឥឡូវនេះមានរយៈពេល៨ថ្ងៃ យើងពិនិត្យឃើញថា ទីតាំងខ្លះបានឈប់ ជាទូទៅកន្លែងជាច្រើនត្រូវបានបញ្ឈប់ដោយខ្លួនឯង ក៏ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់។ កិច្ចប្រជុំថ្ងៃនេះយើងបានឯកភាពគ្នា គឺបោសសម្អាតបន្ថែម ដើម្បីបញ្ចប់ល្បែងស៊ីសងខុសច្បាប់ ជាគំរូនៅលើទឹកដី ខេត្តព្រះសីហនុ»

លោកបន្ថែមថា ភារកិច្ចមានពីរដែលអាជ្ញាធរអនុវត្តបន្ដ រួមមាន៖

* ទី១៖ មានទីតាំងនៅមូលដ្ឋានភូមិ ឃុំ ស្រុក តាមពិតអាជ្ញាធរ មូលដ្ឋានបានបោសសម្អាតច្រើនហើយ បើនៅសេសសល់ គឺតិចតួចតែប៉ុណ្ណោះ អាជ្ញាធរបែងចែកភារកិច្ចរបស់ក្រសួងមហាផ្ទៃ បន្តបោសសម្អាត នៅក្នុងភូមិ សាស្ត្រខេត្តព្រះសីហនុ ក៏ដូចបណ្តាខេត្តផ្សេងៗទៀតផងដែរ

*ទី២៖ ចំពោះទីតាំង ផ្សេងទៀតដែលមានការសង្ស័យមានការ បើកល្បែងខុសច្បាប់ ស្ថិតនៅលើអាជ្ញាប័ណ្ណរបស់ក្រសួងហិរញ្ញវត្ថុ យើងនឹងទុកពេលពិនិត្យក្រោយ សំដៅពិនិត្យលើអាជ្ញាប័ណ្ណដែលមាន ប្រសិទ្ធភាព ឬអស់សុពលភាពអាជ្ញាប័ណ្ណ យើងអត់ទាន់ចុះត្រួតពិនិត្យទុកពេលក្រោយ។

សូមបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង ក្រុមការងារក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ទ្រង់ទ្រាយធំ ចំនួន៥កន្លែង នៅក្នុងក្រុងព្រះសីហនុ និងបានរកឃើញជនបរទេសចម្រុះជាតិសាសន៍ជាច្រើនរយនាក់៕