(កំពង់ស្ពឺ)៖ នៅវេលាទាបភ្លឺថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ រោងចក្រ លីវ តាន (ដេរខោខៅប៊យ) ស្ថិតនៅផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះអស់មួយខ្នង បណ្ដាលឲ្យសម្ភារអស់មួយចំនួនធំ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានរួមដៃគ្នាអន្ដរាគមន៍ ដើម្បីពន្លត់អគ្គិភ័យ ដោយប្រើប្រាស់នូវរថយន្ដអន្លត់អគ្គិភ័យ ចំនួន១១គ្រឿង ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន២គ្រឿង, អធិការដ្ឋាននគរបាលស្រុកគងពិសី ចំនួន១គ្រឿង, ស្រុកបសេដ្ឋ ចំនួន១គ្រឿង, ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន១គ្រឿង, ស្រុកបាទី ចំនួន១គ្រឿង និងកងពន្លត់អគ្គិភ័យ ៧១១ នៃកងពលតូចលេខ៧០ ចំនួន៥គ្រឿង សរុបទឹកអស់៣៦ឡាន។

ក្នុងនោះកម្លាំងក្រុមពន្លត់អគ្គិភ័យ ៧១១ ដែលបានចេញជួយអន្តរាគមន៍ពន្លត់មានចំនួន២២នាក់ (នារីចំនួន ១០នាក់) ជាមួយរថយន្តពន្លត់អគ្គីភ័យ ចំនួន០៥គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី និងធ្វើឲ្យខូចខាតឆេះអាគារទំហំ ១ខ្នង ប្រកស័ង្គសី, ម៉ាស៊ីនដេរ ៣០០គ្រឿង និងសម្ភារមួយចំនួនទៀត តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕