(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្ដេជ្ញារៀបចំពិធីប្រណាំងទូក «ង» ទ្រង់ទ្រាយធំឲ្យបាន បើទោះជាមានការលំបាក លើស្ថានភាពកម្ពស់ទឹកឡើង ឬស្រកចុះ យ៉ាងណាក៏ដោយ ក្នុងគោលបំណងដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំប្រារព្ធពិធីប្រណាំងទូក «ង» ទ្រង់ទ្រាយធំ និងការដាក់តាំងពិពណ៌ស្តីពី «ភូមិមួយផលិតផលមួយ» ដើម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម និងរៀបចំប្រារព្ធពិធីប្រណាំងទូក ទ្រង់ទ្រាយធំ ដោយមានការដាក់តាំងពិពណ៌ភូមិមួយផលិតផលមួយ ដោយមានការប្រគំតន្ត្រី បណ្ដែតប្រទីត និងបាញ់កាំជ្រួចផងដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត គ្មានការស្ទាក់ស្ទើរទៀតទេ ក្នុងការរៀបចំពិធីខាងលើនេះ បើទោះបីជាដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ជំនន់ទឹកទន្លេមេគង្គហក់ឡើងលើសកម្រិតប្រុងប្រយ័ត្ន ដូច្នេះត្រូវរុញកម្មវិធីបន្តទៅមុខ អាចទៅដល់ពេលបុណ្យអុំទូក បណ្ដែតប្រទីត សំពះព្រះខែ ឬដល់ពេលបុណ្យឯករាជ្យជាតិថ្ងៃទី៩ ខែវិច្ឆិកា តែម្ដង ដែលជាពេលវេលាកំណត់សម្ពោធវិមានឯករាជ្យ ខេត្តកំពង់ចាមផងដែរ ដើម្បីផ្ដល់ឱកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកំសាន្តក្នុងខេត្តកំពង់ចាម។

លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ចំនួនទូកដែលបានចុះឈ្មោះសុំចូលរួមប្រណាំង សម្រាប់ខេត្តកំពង់ចាមមានចំនួនសរុប ៣២ទូក ក្នុងនោះ ខ្នាតទូកអន្តរជាតិចំនួន ១៨ទូក , ទូក ង ចំនួន ១៤ទូក និងទូក «ង» គ្រោងមកពីខេត្តត្បូងឃ្មុំ មានចំនួន ៥ទូកផងដែរ៕