(ភ្នំពេញ)៖ លោក លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញផ្ដល់ព័ត៌មានអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចសន្ទនាសកលអាស៊ាន លើកទី២ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដែលអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្ដីការក្រសួង។ នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញ អំពីការរៀបចំការពារសន្តិសុខ និងការរៀបចំប្រព័ន្ធផ្សព្វផ្សាយ ពីតំណាងស្ថាប័នពាក់ព័ន្ធ ផងដែរ។
សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ៕