(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ប្រធានតុលាការធម្មនុញ្ញ នៃសាធារណរដ្ឋឥណ្ឌូនេស៉ី និងក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជាសមាជិកនៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ) លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នឹងដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា អញ្ជើញចូលរួមសមាជលើកទី៥ នៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញនេះ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៉ី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «យុត្តិធម៌ធម្មនុញ្ញ និងសន្តិភាព»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
គួរបញ្ជាក់ថា សន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ មានសមាជិកចំនួន ១១៩ប្រទេស ជាតុលាការធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការកំពូល និងស្ថាប័នប្រហាក់ប្រហែល មកពីទ្វីបអាហ្វ្រិក អាមេរិក អាស៉ី អូស្ត្រាលី/អូសេអានី និងអឺរ៉ុប ហើយក្រុមប្រឹក្សាធម្មនុញ្ញនៃកម្ពុជា បានចូលជាសមាជិកនៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញនេះ ចាប់ពីឆ្នាំ២០១៤៕