(ភ្នំពេញ)៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភាកម្ពុជា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារលើ «វិស័យប្រឆាំងអំពើពុករលួយ» ជាមួយគណៈប្រតិភូគណៈកម្មាធិការស៊ើបអង្កេតអំពើពុករលួយការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អនៃព្រឹទ្ធសភាថៃ ដឹកនាំដោយលោក ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មាធិការ។
កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមចែករំលែកព័ត៌មាន និងបទពិសោធន៍លើការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សិទ្ធិអំណាចក្នុងការបំពេញកាតព្វកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់គណៈប្រតិភូអង្គភាព ប្រឆាំងអំពើពុករលួយ ដឹកនាំដោយកិតិ្តនីតិកោសបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្ថិតនៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
នៅក្នុងកិច្ចប្រជុំពិភាក្សានាឱកាសនោះ លោក ម៉ម ប៊ុននាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនគណៈប្រតិភូព្រឹទ្ធសភាថៃ និងបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថៃនាឱកាសនេះ គឺពិតជារួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនង បទពិសោធន៍ការងារ និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា-ថៃ និយាយជារួម និងនិយាយដោយឡែក រវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភាកម្ពុជា ជាមួយគណៈកម្មាធិការស៊ើប អង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អនៃប្រទេសថៃ។
លោក ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈប្រតិភូ បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចទាំងមូល ជាពិសេសកិច្ចប្រជុំនាពេលនេះ ជាឱកាសដ៏វិសេសវិសាលក្នុងការពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការយល់ដឹងបន្ថែម សំដៅលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មាធិការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងការពង្រឹងអភិបាលកិច្ចល្អ ឱ្យបានកាន់តែប្រសិទ្ធភាព និងគណនេយ្យភាព។
លោក ម៉ម ប៊ុននាង បានជម្រាបជូនអង្គប្រជុំអំពីដំណើរការ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថា ព្រឹទ្ធសភា ជាចំណែកមួយនៃអង្គការនីតិប្បញ្ញត្តិរបស់ជាតិ ក្នុងដំណើរការប្រជាធិបតេយ្យ និងការកសាងកម្ពុជាជានីតិរដ្ឋ ហើយបានរួមវិភាគទាននៅក្នុងដំណើការជីវភាពនយោបាយរបស់ជាតិ ដែលជាស្នូលនៃការពង្រឹងនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងការអភិវឌ្ឍ។
លោកបន្តថា ព្រឹទ្ធសភា មានបេសកកម្មផលិតច្បាប់ឱ្យបានល្អ ដោយមិនចំណុះបរិយាកាសនយោបាយ និងកាលៈទេសៈ។ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាមានលក្ខណៈស្ថាបនា តាមរយៈការសិក្សាស្រាវជ្រាវ វាយតម្លៃ កំណត់នូវចក្ខុវិស័យ និងផ្តល់អនុសាសន៍ កែលម្អ។ ទន្ទឹមនោះ ព្រឹទ្ធសភាមានតួនាទីជាស្ពានភ្ជាប់អំណាចរដ្ឋពីថ្នាក់ជាតិ ទៅថ្នាក់មូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ។ ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានគូសបញ្ជាក់បន្ថែម អំពីតួនាទីស្នូលរបស់គណៈកម្មការ អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយថា ជាគណៈកម្មការមួយ ក្នុងចំណោមគណៈកម្មការទាំងដប់នៃព្រឹទ្ធសភាកម្ពុជា។
គណៈកម្មការនេះ មានតួនាទីជាសេនាធិការព្រឹទ្ធសភា ក្នុងការបំពេញមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងធានាប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងជាវិស័យសមត្ថកិច្ច ធ្វើសេចក្តីរាយការណ៍ ជូនដល់គណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា។
បន្ទាប់មក អង្គប្រជុំគណៈកម្មការសភាទាំងពីរ (កម្ពុជា-ថៃ) បានធ្វើការពិភាក្សា និងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ការងារយ៉ាងច្រើនដល់គ្នាទៅវិញទៅមក។ អង្គប្រជុំបានប្រពឹ្រត្តទៅដោយរលូន ប្រកបដោយ មិត្តភាព សាមគ្គីភាព បង្កើនបាននូវកិច្ចសហប្រតិបត្តិការកាន់តែប្រសើរក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕