(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចំនួន១០៤,៩៥៦នាក់ ក្នុងពេលធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោឆ្នោតឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខនេះ។ ឈ្មោះដែលគ្រោងលុបចេញពីបញ្ជីនេះ ខណៈចំនួនអ្នកចុះឈ្មោះថ្មី ត្រូវបានប៉ាន់ ៤០៩,០៥៦នាក់។
ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានឱ្យដឹងថា ការចុះឈ្មោះថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ មានជាង១៨ម៉ឺននាក់ និងអ្នកផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មីជាង៧ម៉ឺន៨ពាន់នាក់។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានគូសបញ្ជាក់ថា៖ «ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២។ ការចុះឈ្មោះបោះឆ្នោត មានគោលដៅ ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់ តាមរយៈការកសាងឱ្យបាននូវបញ្ជីបោះឆ្នោត ដែលមានភាពពេញលេញ ត្រឹមត្រូវ មានបច្ចុប្បន្នភាព និងប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះ បញ្ជីបោះឆ្នោតឆ្នាំ២០២២ នឹងត្រូវប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ»។
សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស គឺសំដៅលើប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ និងមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ព្រមទាំងអ្នកដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ហើយចង់ចុះឈ្មោះបោះឆ្នោតថ្មីនៅកន្លែងបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅ។
ក្នុងពេលធ្វើបច្ចុប្បន្នភាពនេះ ក៏មានការអនុញ្ញាតឱ្យមានការសុំកែតម្រូវឈ្មោះ ឬទិន្នន័យរបស់អ្នកបោះឆ្នោត ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ ដោយឡែកការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជី សំដៅលើអ្នកទទួលមរណភាព និងអ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញានេះ គ.ជ.ប បានសហការជាមួយអាជ្ញាធរឃុំ-សង្កាត់ ជាពិសេសមេភូមិ ចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានជាង៤លាន៥៨ម៉ឺននាក់ ស្មើនឹង៤៩.៧៦ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ភ។ ការងារចែកលិខិតអញ្ជើញនេះ នៅតែបន្តរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២៕