(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី «ការបញ្ឈប់គ្រោះថ្នាក់-Disrupting Harm Study ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពី លោកស្រី ស៊ន សាបោន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. លោកស្រី ម៉ារីយ៉ាណា ហ្គារ៉ូហាឡូ (Ms. Marianna Garofalo) ប្រធានផ្នែកកិច្ចការពារកុមារ នៃអង្គការយូនីសេហ្វប្រចាំកម្ពុជាផងដែរ។
លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ការកេងប្រវេញផ្លូវភេទលើកុមារដោយប្រព័ន្ធអនឡាញ ជាបញ្ហាសកល ហើយពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការទប់ស្កាត់ ដែលក្នុងនោះ កម្ពុជាជាប្រទេសដែលបោះជំហានទៅមុខ ក្នុងការចូលរួមចំណែកសំដៅ ធ្វើឲ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារ ទាំងកម្ពុជា ក៏ដូចជាពិភពលោក។
លោកស្រីបានបន្តថា ប្រព័ន្ធអ៉ីនធឺណិត អាចជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់កុមារក្នុងការទំនាក់ទំនង ស្រាវជ្រាវ សិក្សា និងចូលរួមប្រកបដោយការច្នៃប្រឌិត។ សារៈសំខាន់នៃបរិយាកាសឌីជីថលចំពោះជីវិត និងសិទ្ធិរបស់កុមារ ត្រូវបានគូសបញ្ជាក់ដោយគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ នៅក្នុងយោបល់ទូទៅលេខ ២៥ ដែលត្រូវបានអនុម័តនៅឆ្នាំ២០២១។ យោបល់ទូទៅនេះ បានសង្កត់ធ្ងន់នូវការពិតដែលថា ការចំណាយពេលតាមប្រព័ន្ធអនឡាញនាំមកនូវហានិភ័យ និងការគំរាមកំហែងពាក់ព័ន្ធនឹង គ្រោះថ្នាក់ដែលមិនអាចទទួលយកបាន ដោយជៀសមិនផុត ក្នុងនោះក៏មានហានិភ័យ និងការគំរាមកំហែង មួយចំនួន ដែលកុមារបាននិងកំពុងជួបប្រទះនៅក្នុងកន្លែងដទៃទៀតផងដែរ ហើយហានិភ័យ និងការគំរាមកំហែងមួយចំនួនមានលក្ខណៈដោយឡែកចំពោះតែបរិបទអនឡាញប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ លោកស្រី ស៊ន សាបោន បានបញ្ជាក់ដែរថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ នៃសមាជិកអាស៊ាន ដែលត្រូវបានពិភពលោកជ្រើសរើសមកធ្វើការសិក្សាស្រាវជ្រាវ បើទោះជា របាយការណ៍នេះប្រើរយៈពេលយូរ និយាយរួមចាប់តាំងពីឆ្នាំ២០១៩ក៏ដោយ ក៏យើងនៅតែបំពេញការងារ នេះបានលទ្ធផលគួជាទីមោទនៈ។ លោកស្រីសូមអបអរសារទរនិងអរគុណចំពោះក្រុមការងារបច្ចេកទេសអន្តរក្រុង OCSE ចំពោះសមិទ្ធផលថ្មីមួយបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ស៊ន សាបោន បានសូមសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន លោក លោក លោកស្រី ក្មួយៗកុមារនិងយុវជន ដែលអញ្ជើញចូលរួមពិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់នាពេល នេះ ដែលបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា ក្នុងការការពារកុមារពីការរំលោភបំពានគ្រប់រូបភាព ជាពិសេស
ការការពារកុមារពីការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ៕