(ឧត្តមរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ស្ថានភាពគ្រោះមហន្តរាយនៅកម្ពុជា មិនទាន់មានកម្រិតធ្ងន់ធ្ងរខ្លាំងនោះទេ ខណៈជំនន់ទឹកភ្លៀងដែលបង្ក ដោយឥទ្ធិពលព្យុះណូរូ (Noru) ក៏បានថមថយច្រើន ហើយរាជរដ្ឋាភិបាលអាចគ្រប់គ្រងសភាការណ៍បានទាំងស្រុង។

ការបញ្ជាក់បែបនេះរបស់ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព ដឹកនាំនាំកិច្ចប្រជុំប្រចាំខែ ក្រុមការងារគណប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសំណាកប្រធានក្រុមការងារបក្សខេត្ត ក្រុង ស្រុក ឃុំ ភូមិចំណុះទាំងអស់ក្នុងខេត្តឧត្តមានជ័យ។

ជាមួយនឹងស្ថានភាពគ្រោះមហន្តរាយធម្មជាតិនេះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបទបញ្ជាឱ្យរដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ និងលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយទូទាំងប្រទេស បន្តការយកចិត្តទុកដាក់តាមដាន សភាពការណ៍ដោយឈរលើស្មារតីត្រៀមលក្ខណៈជានិច្ច អនុលោមតាមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអាយុជីវិត និងទុក្ខលំបាករបស់ប្រជាពលរដ្ឋព្រោះអាជ្ញាធរ គឺតួនាទីឪពុកម្តាយ។ ក្នុងន័យនេះបន្ទាប់ពីទឹកស្រុកវិញ ត្រូវពិនិត្យស្តារឡើងវិញនូវការខូចខាតផ្លូវលំជនបទនានា និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀតជាបន្ទាន់។

ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា គិតមកថ្ងៃនេះ ស្ថានភាពអាកាសធាតុនៅកម្ពុជា មានភាពធូរស្រាល សម្រាប់ស្ថានភាពទឹកជំនន់នៅតាមបណ្តាលខេត្តផ្សេងៗដែលកំពុងរងគ្រោះបាននឹងកំពុងស្រកចុះជាបណ្តើរៗ ហើយប្រជាពលរដ្ឋែលជម្លៀសឱ្យរស់នៅលើទីទួលមានសុវត្ថិភាពមួយចំនួនអាចវិលមកលំនៅដ្ឋានវិញជាបណ្តើរៗផងដែរ។

នាឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីស្រឡាញ់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកបក្សនៅគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តដោយសម្តេចទាំងទ្វេរបានចាត់ទុកប្រជាពលរដ្ឋទាំងអស់ ជាសមាជិកក្រុមគ្រួសាររបស់សម្តេចទាំងពីរ ដោយផ្ទាល់ និងបានចាត់ទុកថាទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺជាទុក្ខលំបាករបស់សម្តេចទាំងទ្វេរ និង ទុក្ខលំបាកនៃមហាគ្រួសារខ្មែរទាំងមូលដែលជាអាទិភាពត្រូវដំកល់ខ្ពស់បំផុត។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យក្រុមការងារដោះស្រាយតម្រូវការនានា ជូនប្រជាពលរដ្ឋស្របតាម ស្មារតីនៃទស្សនវិស័យវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលជូនដល់ថ្នាក់ស្រុក និងឃុំ ដោយមានការសហការជាមួយរដ្ឋបាលខេត្តដោយចាត់តាំងអភិបាលរង និងប្រធានមន្ទីរវិស័យនានាសម្រាប់ ធ្វើការងារតាមក្រុង ស្រុក និងមូលដ្ឋានចំណុះ។

ឆ្លៀតក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំឮកដល់អាជ្ញាធរមូលដ្ឋាន ត្រូវសម្រួលឯកសារនានា ដែលធានាដល់ការងារចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន ដើម្បីធានានូវសិទ្ធបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នាដែលជាគោលនយោបាយប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកក៏បានកោតសសើរចំពោះសកម្មភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាកន្លងមក ដែលមានភាពសកម្មក្នុងការចុះជួយគាំទ្រដល់ប្រជាពលរដ្ឋពេលមានទុក្ខលំបាក ដោយបន្តបាននូវវប្បធម៌ចែករំលែក និងសូមបន្តនូវសកម្មភាព និងវប្បធម៌ដ៏ផូរផង់នេះរបស់ខ្មែរ ហើយការចូលរួមរបស់យុវជន គឺជាកត្តាចម្បងក្នុងការអភិវឌ្ឍប្រទេសជាតិ៕