(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបញ្ឈប់សកម្មភាពលួងកាត់របង លួសនៅសងសាងផ្លូវល្បឿនលឿន ដែលជាសកម្មភាពល្មើសច្បាប់ ដោយរបងនេះធ្វើឡើងក្នុងគោល បំណងការពារមិនឱ្យមានការឆ្លងកាត់ ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។
បើតាមក្រសួងសាធារណការ កន្លងមករបងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីធ្វើការចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ដែលបានកាត់របងសុវត្ថិភាពនោះថា ការធ្វើបែបនេះគឺវាបង្ករ ឱ្យមានគ្រោះថ្នាក់ ដល់អ្នកបើកបរ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ហើយសកម្មភាពទាំងអស់នេះក៏ល្មើសនឹងច្បាប់ផងដែរ។
ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការធ្វើចរាចរណ៍ ជាពិសេសការត្រៀមបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មី ដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាពកាត់របងសុវត្ថិភាពនេះបន្តទៀត ហើយចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន។
ក្រសួងបានបញ្ជាក់ទៀតថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ ដល់ចរាចរណ៍លើផ្លូវល្បឿនលឿនឡើយ៕