(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅលើកំណាត់ផ្លូវលេខ១៨១៨ និងផ្លូវ១៧២៩ សប្បុរសជន បានស្ម័គ្រចិត្តកៀរគរថវិកាជួសជុលផ្លូវទាំង២ខ្សែនេះ ដែលស្ថិតនៅក្រុមទី៤ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សប្បុរសជនដែលជាអ្នកផ្តួចផ្តើមគំនិត ក្នុងដំណើរការជួសជុលសផ្លូវទាំង២ខ្សែនេះ គឺលោក ឡុង ណារិន រួមជាសប្បុរសជនផ្សេងៗទៀត។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារគណៈបញ្ជាការឯកភាពសង្កាត់ ដោយបានយកគ្រឿងចក្រមកឈូសឆាយជួសជុលផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ ព្រមទាំងអ្នកដំណើរដែលតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវទាំង ២ខ្សែនេះផងដែរ។

ជាមួយនឹងទឹកចិត្តដ៏ល្អនេះ របស់សប្បុរសជន ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមផ្លូវទាំង២ខ្សែនេះ បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្ត និងកាយវិការដ៏ល្អប្រពៃរបស់សប្បុរសជន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជាពិសេសបានបង្ហាញឱ្យឃើញនូវការចូលរួមសហការ សាមគ្គីគ្នាបានយ៉ាងល្អ ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕