(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអាគារឈ្មោះ ហ៊ូ បេនហាវ ឯ.ក ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលប្រតិបត្តិការបានធ្វើឡើង នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៦៖០០នាទីរសៀល។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានការឯកភាពក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត ចុះពិនិត្យរដ្ឋបាលទីតាំងអគារ ហ៊្វូ បេនហាវ ឯ.ក ដើម្បីពិនិត្យ លើទីតាំងជាក់ស្តែង ការប្រកបអាជីវកម្ម អាជ្ញាបណ្ណអាជីវកម្ម ស្ថានភាពនៃការស្នាក់នៅរបស់ជនបរទេសអន្តោប្រវេសន៍ និងពាក់ព័ន្ធការបង្ខាំងមនុស្ស។
ទីតាំងអគារដែលមានកម្ពស់៧ជាន់ មានបន្ទប់ស្នាក់នៅសរុបចំនួន ៥៧បន្ទប់ ពុំមានមនុស្សស្នាក់នៅទេ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញនូវជនជាតិខ្មែរជាបុគ្គលិកអនាម័យចំនួន ៤នាក់ និងចុងភៅជនជាតិចិន ១នាក់ ដែលពួកគេទើបតែចូលធ្វើការបានចំនួន ៥ថ្ងៃ។
ដោយការត្រួតពិនិត្យលើទីតាំងខាងលើនេះ មិនមានបទល្មើស និងដោយមានការឯកភាពគ្នាពីសមត្ថកិច្ចជំនាញពាក់ព័ន្ធគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ សម្រេចប្រគល់ទីតាំងអគារខាងលើជូនអ្នកតំណាងម្ចាស់ទីតាំងដើម្បីគ្រប់គ្រង និងបានណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះការផ្ដល់ទីតាំងដល់ជនបរទេសយកទៅប្រកបអាជីវកម្ម ដែលច្បាប់ហាមឃាត់ ដែលនឹងនាំឲ្យមានការឃាតបង់ធ្ងន់ធ្ងរនៅពេលអាជ្ញាធរត្រួតពិនិត្យឃើញ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តធ្វើការត្រួតពិនិត្យរដ្ឋបាលដូចភ្លៀងរលឹមនៅតាមបណ្តាទីតាំងអាជីវកម្មដែលសង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្ម ក្នុងករណីរកឃើញបទល្មើសរហូតដល់ភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូលលែងមានបញ្ហាទាំងនេះ៕