(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលមេដាយការងារពី ក្រសួងអប់រំជាតិ យុវជន និងកីឡា នៃសាធារណរដ្ឋបារាំង។
ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់អន្តរជាតិកំរិត៖ CHEVALIER DES PALMES ACADEMIQUES ត្រូវបានរៀបចំដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី។
មេដាយការងារនេះ គឺដើមី្បថ្លែងអំណរគុណ ដល់ឯកឧត្តមដែលបានខិតខំបម្រើការងារយ៉ាងសកម្ម កាលពីឯកឧត្តមនៅជានាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រហូតបានធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាមួយនេះ បានក្លាយជាមជ្ឈមណ្ឌលផលិតធនធានមនុស្សផ្នែកវិស្វកម្មឈានមុខគេនៅកម្ពុជា និងមានការទទួលស្គាល់ក្នុងកំរិតជាតិ តំបន់ និងអន្តរជាតិ។
សាកលកវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថាន ព្រមទាំងអង្គការធំៗនៃប្រទេសបារាំងទាំងនោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើមី្បបម្រើដល់ការបង្រៀន និងជាពិសេសការស្រាវជ្រាវវិទ្យាសាស្រ្ត ដែលជាសសរស្តម្ភមិនអាចខ្វះបាន សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅធំៗពីរ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឆិកា ថា «បច្ចុប្បន្នកម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»៕