(ភ្នំពេញ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី និងសមាជិកផ្នែកឃោសនាអប់រំ បានចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តបទុមវតីរាជវរារាម នៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តបទុមវតី រាជធានីភ្នំពេញ។
លោក ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើ សួរព្រះរាជសុខភាព និងថ្វាយព្រះពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស អនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះមហាសុមេធាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងក្រាបថ្វាយបង្គំសម្តេច និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។
លោកប្រធានប្រតិភូបានសម្ដែងនូវការគោរពដឹងគុណកោតសរសើរដោយស្មោះ ចំពោះព្រះវីរភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចជាអម្ចាស់ ដែលបានយាងចូលរួមស្តារ និងកសាងវិស័យ ពុទ្ធចក្រក៏ដូចជា លើកស្ទួយវិស័យព្រះពុទ្ធសាសនា ក្នុងប្រទេសកម្ពុជាឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជារៀងរហូតមក។
សម្តេចព្រះមហាសុមេធាធិបតី បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុក្នុងព្រះជន្ម ២១ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡឥតសាសនាបង្ខំឲ្យលាចាកសិក្ខាបទទៅជាគ្រហស្ថដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកគ្រូធម្មាចារ្យ បានចូលបួសឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួលសមណស័ក្តិ និងព្រះគោរម្យ៍ងារជាបន្តបន្ទាប់ដូចជា អនុប្រធានសង្ឃទូទាំងប្រទេស- ជាសម្តេចព្រះពោធិវ័ង្សព្រះសង្ឃនាយករងទី២, ជាព្រះមេគណរាជធានីភ្នំពេញ, ជាប្រធានគណៈកម្មការសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា, ជាសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា, ជាព្រះអគ្គាធិការសិក្សាជាតិ, ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ និងជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។
សម្តេចជាអម្ចាស់មានព្រះរាជបន្ទូលកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានភាពវៃឆ្លាតក្នុងការដឹកនាំ រឹងមាំមោះមុត មានចំណេះដឹង គុណធម៌ សីលធម៌ ខន្តី សច្ចៈ និងកតញ្ញូ ស័ក្កសមជាអ្នកបន្តវេនទៅអនាគត។
ជាចុងក្រោយសម្តេចជាអម្ចាស់ បានរម្លឹកដល់យុវជនជំនាន់ក្រោយថា កើតមកជាមនុស្សត្រូវដឹងគុណដល់បុព្វការីជនទាំងឡាយ ព្រោះមនុស្សរមែងស្គាល់ហេតុដែលនាំឲ្យចម្រើន និងហេតុដែលនាំឲ្យវិនាស។
ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបីតិសោមនស្សជ្រះថ្លានេះ លោក ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិកបានថ្វាយនូវទេយ្យទាន និងបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយដល់សម្តេចព្រះមហាសុមេធាធិបតី និងសូមបួងសួងដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពរជ័យដល់សម្តេចជាអម្ចាស់ មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ផ្ដល់ឱវាទដល់ព្រះសង្ឃនិងប្រជាបរិស័ទគ្រប់វ័យឱ្យបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ៕