(អាមេរិក)៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលក្រុម Hacker បានទម្លាយនូវលេខសម្ងាត់គណនី បណ្ដាញសង្គមរបស់ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook លោក Mark Zuckerberg ខណៈដែលមហាសេដ្ឋីវ័យក្មេងរូបនេះ កំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួន ក្នុងឧស្សាហកម្មបច្ចេកវិទ្យា។
ក្រុម Hacker ហៅខ្លួនឯងថា OurMine បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា គណនី Twitter, Instagram, LinkedIn និង Pinterest របស់លោក Mark Zuckerberg ត្រូវបានពួកគេ Hack ចូល និងបានបង្ហោះសារនៅលើ គណនីផ្ទាល់ខ្លួនរបស់ Mark Zuckerberg ថែមទៀតផង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ក្រុម Hacker បានទម្លាយនូវពាក្យសម្ងាត់របស់លោក Mark Zuckerberg ប្រើប្រាស់នៅលើបណ្ដាញសង្គមថែមទៀតផង ដោយបានបញ្ជាក់ថា «dadada» គឺជាពាក្យសម្ងាត់ដែលមេធំ Facebook រូបនេះ និយមប្រើ ទាំងនៅលើ Twitter និង LinkedIn។
គួរបញ្ជាក់ផងដែរថា គណនី Twitter និង Pinterest របស់លោក Mark Zuckerberg មិនបានបង្ហោះអ្វីសូម្បីតែបន្តិច តាំងឆ្នាំ២០១២៕