(ភ្នំពេញ)៖ វគ្គសិក្សាជំនាញថតរូប របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) នឹងចូលរៀននៅរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខហើយ ខណៈការចុះឈ្មោះនឹងបន្តរហូតដល់ល្ងាចថ្ងៃទី១៤ ខែតុលាផងដែរ។
ការសិក្សាលើជំនាញថតរូប នឹងធ្វើឡើងរយៈពេល៣ខែ ដោយសិក្សារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង២ ដល់ម៉ោង៤រសៀល។ វគ្គថតរូបនេះ នឹងបណ្តុះបណ្តាលដោយ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក ដែលមានបទពិសោធរយៈពេល៣០ឆ្នាំមកហើយ។
តាមការគ្រោងការចុះឈ្មោះចូលរៀននឹងត្រូវបិទនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ប៉ុន្តែដោយសារមានសំណូមពរពីសិក្ខាកាម ពាក់ព័ន្ធនឹងការដាក់ពាក្យ និងបំពេញពាក្យចូលរៀន ដោយសារបុណ្យភ្ជុំបិណ្ឌផងនោះ មជ្ឈមណ្ឌលបានសម្រេចពន្យារពេលការចុះឈ្មោះ និងបំពេញពាក្យរហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
វគ្គសិក្សាជំនាញថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន គឺជាថ្នាក់សិក្សាថ្មីមួយបន្ថែមទៀតរបស់មជ្ឈមណ្ឌល FTC បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្ដុះបណ្ដាលវគ្គសរសេរព័ត៌មានដំណឹង និងបទយកការណ៍ចំនួន៣កន្លងមក ប្រកបដោយរលូន។ វគ្គសិក្សាជំនាញថតរូបនេះ នឹងបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប, បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smart Phone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់ផងដែរ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕
សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC តាមរយៈ
Tel: 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកជំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/raksmeythanfn