(ភ្នំពេញ)៖ បន្ទាប់ពីបេសកកម្មប្រកាសទទួលពាក្យប្រកួតពីបេក្ខជនទូទាំង ២៥ រាជធានី-ខេត្ត អស់រយៈពេល១ខែកន្លះមក កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានស្វាគមន៍នូវបេក្ខជនជាច្រើនក្រុមទូទាំងប្រទេស។ ប្រព្រឹត្តទៅក្រោមវិញ្ញាសា «ទម្រង់របាំក្បាច់បុរាណខ្មែរ» កម្មវិធីល្ខោនខ្មែរ បានឈានមកដល់វគ្គជម្រើសដោយគណៈកម្មការ និងវគ្គតម្រង់ទិសហើយ។
ក្នុងដំណាក់កាលនេះ គណៈកម្មការបានធ្វើការត្រួតពិនិត្យនូវរាល់វីដេអូសម្ដែងរបស់បេក្ខជនក្រុមនីមួយៗ ហើយមានតែក្រុមដែលបំពេញលក្ខណៈត្រឹមត្រូវ ស្របតាមគោលការណ៍ និងលក្ខន្តិកៈរបស់កម្មវិធីប៉ុណ្ណោះ ទើបអាចឈានទៅវគ្គបន្ទាប់បាន។
នាដំណាក់កាលតម្រង់ទិស លោកសាស្ត្រាចារ្យ ព្រឿង ឈៀង បានថ្លែងថា ល្ខោនមួយដែលល្អគន់ ត្រូវមានគុណសម្បត្តិ ៣យ៉ាងទី១៖ គឺអ្នកសម្ដែងត្រូវមាននាដកម្ម (ដាក់មនោសញ្ចេតនា លេងទឹកមុខ ខឹង សប្បាយ), ទី២៖ គឺអ្នកច្រៀងត្រូវបញ្ចូលមនោសញ្ចេតនា ទៅតាមសាច់រឿងឈុតឆាក និងទី៣៖ អ្នកភ្លេងក៏ត្រូវចូលតួទៅតាមនោះដែរ ឧទាហរណ៍ពេលដល់ឈុតកម្សត់ ភ្លេងត្រូវកម្សត់តាមនោះ មិនមែនកន្ត្រាក់ឡើយ។
ទាក់ទិនទៅនឹងផ្នែកមនោសញ្ចេតនានេះដដែល លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួនច បានគូសបញ្ជាក់បន្ថែមថា៖ «បើតាមប្រសាសន៍លោកយាយ ជា សាមី ល្ខោនក្បាច់បុរាណ គឺមានមនោសញ្ចេតនា ត្រូវលេខក្បាច់ បានន័យថាយំ សើច តាមរយៈកាយវិការក្បាច់នីមួយៗ មិនដូចបាសាក់ យីកេឡើយ។ ហើយក្បាច់នោះទៀតសោតត្រូវឱ្យច្បាស់លាស់ និងមានទម្ងន់ ឧទាហរណ៍ថាពេលចង្អុលលក្ខណៈខឹង ត្រូវចង្អុលឱ្យធ្ងន់ឱ្យចំ»។
ចំណែកឯលោកស្រីសាស្ត្រាចារ្យ សំ សត្យា បានសង្កត់ធ្ងន់ថា ការរាំ ត្រូវដាក់មនោសញ្ចេតនាទៅតាមតួអង្គ ឧទាហរណ៍តួនាងសីតា ពេលឃើញយក្ស និងឃើញមនុស្សភ័យខុសគ្នា។
ការដាក់មនោសញ្ចេតនា គឺដើរតួសំខាន់ក្នុងការរាំ ដើម្បីឱ្យល្ខោន ឬរបាំនោះមានភាពរស់រវើក ទាក់ភ្នែកអ្នកមើលឱ្យចូលអារម្មណ៍តាម។
ជាចុងក្រោយ ព្រឹទ្ធាចារ្យសិល្បករទាំង៣រូប បានកោតសរសើរនូវទឹកចិត្តស្រឡាញ់ និងអភិរក្សវប្បធម៌ សិល្បៈបុរាណ របស់បេក្ខជនទាំងអស់ ដែលជាអ្នកបន្តវេនជាធនធាន និងជាគ្រាប់ពេជ្រកំពុងច្នៃ។
ឆ្លៀតក្នុងឱកាសនោះដែរ ក៏មានបទបង្ហាញស្តីពីបច្ចេកទេសថត និងផ្សព្វផ្សាយដោយលោក ឆយ ធារ៉ា ជាសមាជិក នៃលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តស្វាយរៀង ដែលលោកបានណែនាំអំពីវិធី៨យ៉ាង ដើម្បីទទួលបានវីដេអូប្រកបដោយគុណភាពវិជ្ជាជីវៈ ក៏ដូចជាណែនាំពីកម្មវិធីកាត់តវីដេអូ ក្នុងទូរស័ព្ទផងដែរ។
សូមបញ្ជាក់ផងដែរថា ដំណាក់កាលបន្ទាប់នៃកម្មវិធីល្ខោនខ្មែរ គឺជាការជម្រុះបេក្ខជន ដោយវាយតម្លៃលើវីដេអូ សម្ដែងរបស់ក្រុមនីមួយៗ ហើយមានតែ១២ក្រុមប៉ុណ្ណោះ ទើបអាចឆ្ពោះទៅវគ្គក្រោយបាន៕