(កែប)៖ អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងស្របតាមយន្ដការរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារ លើកកម្ពស់គុណភាពសេវាទាំង៥តំបន់ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមក នៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២២លោក ជា មានិត រដ្ឋលេខាធិការ និងលោក លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំសម្របសម្រួល ក្រុមការងារអន្តរក្រសួង ជាមួយនឹងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្តល់សេវាបង្គោលអង់តែន និងប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅក្នុងខេត្តកែប។
ការចុះត្រួតពិនិត្យនេះ ដើម្បីសិក្សាស្វែងយល់ និងកំណត់ទីតាំងសម្រាប់តម្លើងអង់តែនទូរសព្ទនៅទីតាំងចំនួន៣ នៅក្នុងខេត្តកែបរួមមាន៖ ១.តំបន់សហគមន៍ទេសចរណ៍កោះទន្សោយ, ២.ឧទ្យានជាតិកែប និង ៣.តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងគោលដៅទេសចរណ៍អាទិភាពផ្សេងទៀត៕