(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា តាមការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន និងសប្បុរសជនក្នុងវិស័យឯកជន រវាងកងយោធពលខេមរភូមិន្ទ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូននូវគុណសម្បត្តិ ស្នាដៃ ជាគម្រូដ៏ល្អសម្រាប់ប្រទេសជាតិ ដែលជាសមរភូមិក្រោយ រួមចំណែកពង្រឹងស្មារតីដល់កងទ័ពជួរមុខ។
ការគូសបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១, ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងការពារជាតិ។
ជាមួយគ្នានេះដែរ សម្តេចក៏បានរំឮកថា នៅក្នុងពេលប្រទេសជាតិជួបប្រទះគ្រោះទឹកជំនន់កន្លងមក ពិសេសនៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កងយោធពលខេមរភូមិន្ទ ក៏ដូចជាក្រសួង ស្ថាប័ន អង្គភាពស៊ីវិល ក្រុមហ៊ុន វិស័យឯកជន និងសប្បុរសជននានា បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រមូលកៀរគរស្វែងរកជំនួយមនុស្សធម៌ ឧបត្ថម្ភជាថវិកា សម្ភារៈ បរិក្ខារជួយសង្គ្រោះ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា ទោះតិចក្តីច្រើនក្តីក្នុងស្មារតីវប្បធម៌ ចូលរួមចែករំលែក និងសាមគ្គីជាតិខ្ពស់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ដោយបានសហការល្អ និងមានការគាំទ្រពីអង្គភាពដៃគូសម្ព័ន្ធមេត្រីភាព ជាមួយកងយោធពលខេមរភូមិន្ទទាំងអស់ ក្រសួងការពារជាតិ បានបង្កើតអង្គភាពកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយចំនួន១៨អង្គភាព ព្រមទាំងបានកសាងផែនការត្រៀមអន្តរាគមន៍សម្រាប់ជួយសង្គ្រោះគ្រោះមហន្តរាយទូទាំងប្រទេស និងចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺកូវីដ១៩ បានល្អប្រសើរ និងទាន់ពេលវេលា។ ជាមួយគ្នានេះ កងកម្លាំងក៏បានរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការងារមនុស្សធម៌នៅក្នុង និងក្រៅប្រទេស ចូលរួមផ្នែកមនុស្សធម៌អន្តរជាតិ ពិសេសការបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមប្រទេសដែលកំពុងជួបវិបត្តិ។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នៅក្នុងទស្សនវិស័យនៃ «សិល្បៈចែករំលែក» ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបុត្រា បុត្រី ដែលជានិច្ចកាលសម្តេចទាំងទ្វេរ និងបុត្រា បុត្រី បានជួយឧបត្ថម្ភដោយផ្ទាល់ទាំងស្មារតី សម្ភារៈ ថវិកា និងបរិក្ខារ ក៏ដូចជាមធ្យោបាយសង្គ្រោះផ្សេងៗ បានញ៉ាំងឱ្យមនសិការចូលរួមពីសំណាក់ប្រជាជន មហាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស កាន់តែមានលក្ខណៈសកម្មផុលផុសតាមទិសស្លោក «សមរភូមិក្រោយ ជួយសមរភូមិមុខ» «ការពារជាតិយើងទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាំងនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ក្រសួង ស្ថាប័នអង្គភាពសម្ព័ន្ធមេត្រីភាពទាំងអស់ ដូចជាសប្បុរសជននានា ដែលបានចូលរួមអនុវត្តជាក់ស្ដែង នៅក្នុងសម្ព័ន្ធមេត្រីភាពដ៏មានតម្លៃរបស់យើង ហើយត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូននូវគុណសម្បត្តិ ស្នាដៃជាគម្រូដ៏ល្អសម្រាប់ប្រទេសជាតិយើង»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមលើកទឹកចិត្តដ៏ស្មោះចំពោះអ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បណ្តាអង្គភាពសម្ព័ន្ធមេត្រីភាព និងជនរួមជាតិទាំងអស់ ដែលបានរួមចំណែកដ៏ថ្លៃថ្លាក្នុងការជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់ការលំបាកនានារបស់កងទ័ព, ធ្វើឱ្យកងកម្លាំងរបស់យើងកាន់តែរក្សាបានកម្លាំងពលំមាំមួន ស្មារតីភ្លឺថ្លា ប្រកបដោយថាមពលក្នុងការបំពេញកាតព្វកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដី ថែរក្សាការពារសន្តិភាព ឯកភាពជាតិរឹងមាំយូរអង្វែង។
នៅក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមអំពាវនាវដល់ក្រសួង ស្ថាប័ន អង្គភាពស៊ីវិល ក្រុមហ៊ុន សហគ្រាស អង្គការ
សមាគម វិស័យឯកជន និងសប្បុរសជននានា បន្តចូលរួមគាំទ្រតាម ស្មារតីនៃវប្បធម៌ចែករំលែក តាមគោលនយោបាយរាជរដ្ឋាភិបាលដែលបានដាក់ចេញ។ បន្តពង្រឹង និងលើកកម្ពស់ប្រពៃណីល្អនៅក្នុងសម្ព័ន្ធមេត្រីភាព ព្រមទាំងបំផុសអប់រំលើកទឹកចិត្តចលនាមហាជន ប្រជាជន យុវជនឱ្យចូលរួមជាកម្លាំងចលករនៅក្នុងបុព្វហេតុ «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ» និង «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព»។
បើតាមលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានក្រុមការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល បានឱ្យដឹងថា បើគិតមកដល់បច្ចុប្បន្ននេះ រចនាសម្ព័ន្ធស្ថាប័ន អង្គភាព សម្ព័ន្ធមេត្រីភាពមានភាពល្អប្រសើរក្នុងនោះមានស្ថាប័នអង្គភាពស៊ីវិល ក្រុមហ៊ុន សហគ្រាស និងឯកជន និងសប្បុរជន សរុបចំនួន៣៥៣ ក្នុងនោះ
មានក្រសួង ស្ថាប័នចំនួន២០៥, ក្រុមហ៊ុនចំនួន៤៩ និងសប្បុរសជនចំនួន៥៩រូប បានចងសម្ព័ន្ធមេត្រីជាមួយអង្គភាពទ័ពចំនួន ១១២អង្គភាព។
លោកស្រី ដាំ ដារីនី បានបន្តថា ក្នុងឆ្នាំ២០២២នេះ អង្គភាពនៃកងយោធពលខេមរភូមិន្ទ ចំនួន៣ បានចងសម្ព័ន្ធមេត្រីភាព ជាមួយ
ស្ថាប័នស៊ីវិលចំនួន២ និងក្រុមហ៊ុនចំនួន២ ក្នុងនោះរួមមាន៖ កងពលតូចអន្តរាគមន៍លេខ៦ បានចងសម្ព័ន្ធមេត្រីភាពជាមួយសាលាខេត្តត្បូងឃ្មុំ, វរសេនាតូចស៊ើបការយោធភូមិភាគទី៣ ជាមួយកំពង់ផែស្វ័យយ័តភ្នំពេញ និងក្រុមហ៊ុនចំការអំពៅ ខេត្តកំពង់ស្ពឺ (ឧកញ្ញ៉ា លី យ៉ុងផាត់), តំបន់ប្រតិបត្តិការសឹករងកណ្តាល ជាមួយឧកញ៉ អ៊ា អេឡែន អគ្គនាយិកាសណ្ឋាគារសែនហាន។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ អំណោយជាថវិកាសរុបជាង ២,០០០លានរៀល និងជាប្រាក់ដុល្លារ សរុបប្រមាណជិត១,៣លានដុល្លារ និងអំណោយសម្ភារ គ្រឿងឧបភោគ គិតជាសាច់ប្រាក់ជាប្រាក់រៀល សរុបប្រមាណជិត ៨ពាន់លានរៀល និងប្រាក់ដុល្លារសរុបប្រមាណជាង ៩សែនដុល្លារ ដែលទទួលបានពីកិច្ចការចងសម្ព័ន្ធមេត្រីភាព៕