(ហូជីមិញ)៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និង លោក ហ័ង ដាវគឿង (Hoang Dao Cuong) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបើកជាផ្លូវការ «សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២២» នៅរោងសម្ដែងរបាំបាឡេនិងអូប៉េរ៉ាក្រុងហូជីមិញ (Ho Chi Minh Opera and Ballet House)។ កម្មវិធី ត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងសុន្ទរកថាបើកកម្មវិធី ភាគីទាំងពីរបានលើកឡើងដូចគ្នាអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា កាលពីខែសីហា កន្លងទៅ និង សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម នាពេលនេះ គឺមិនត្រឹមតែជាផ្លែផ្កាដែលកើតចេញពីផែនការ សហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈរវាងប្រទេសទាំងពីរប៉ុណ្ណោះនោះទេ តែក៏ជាសកម្មភាពវប្បធម៌ដ៏សំខាន់ដើម្បីចូលរួមអបអរសាទរខួបការទូតលើកទី៥៥ រវាង ប្រទេសទាំងពីរផងដែរ។
នៅក្នុងកម្មវិធីបើកជាផ្លូវការនេះ កម្ពុជាបាននាំមកនូវសិល្បៈទស្សនីយភាពបុរាណ ប្រពៃណី និងសហសម័យ ដែលរួមមាន របាំ ចម្រៀង ល្ខោន និងតូរ្យតន្ត្រី ព្រមទាំងការតាំងពិព័រណ៍វត្ថុសិល្បៈ ដោយក្នុងនោះក៏មានមរតកវប្បធម៌ដែលបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ ដើម្បីបង្ហាញជូនដល់ភ្ញៀវកិត្តិយស និងប្រជាជនវៀតណាមទាំងអស់ បានទស្សនានិងសិក្សាស្វែងយល់បន្ថែម។
ចំពោះអ្នកចូលរួមកម្មវិធីបើកនិងទស្សនាការសម្ដែងសិល្បៈកម្ពុជាក្នុងរាត្រីទី១នេះ មានចំនួនសរុបប្រមាណជាង ២០០នាក់ ដោយក្នុងនោះរួមមាន ភ្ញៀវកិត្តិយសដែលអញ្ជើញមកពីក្រសួងស្ថាប័នរដ្ឋវៀតណាម, អង្គទូតព្រមទាំងកុងស៊ុលបរទេសនិងកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ, និស្សិតកម្ពុជាដែលកំពុងបំពេញការសិក្សានៅប្រទេសវៀតណាម, និងប្រជាជនវៀតណាម។ យោងតាមកម្មវិធីសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២នេះ ការសម្ដែងសិល្បៈកម្ពុជានឹងរៀបចំឡើងចំនួន២លើក ដោយលើកទី១ នៅទីក្រុងហូជីមិញ និងលើកទី២ នៅខេត្តត្រាវិញ ប្រទេសវៀតណាម៕