(កំពង់ធំ)៖ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ដែលបានជន់លិចក្នុងភូមិសាស្ត្រក្នុងស្ទោង លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាក់នៅ រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ជំនន់ទឹកភ្លៀងដែលគ្របដណ្តប់ លើកំណាត់ ផ្លូវជាតិលេខ៦ ចន្លោះគីម៉ែត្រលេខ២២០ ដល់លេខ២២៤ ក្នុងទីរួមស្រុកស្ទោង បានស្រកចុះបន្តិចហើយ ប៉ុន្តែរថយន្តដឹកទំនិញធុនធ្ងន់ នៅតែផ្អាកចរាចរណ៍ដដែល។
លោក សាយ គឹមឡម បានបន្ថែមថា បរិមាណធារទឹក ដែលគ្របដណ្តប់លើផ្លូវជាតិលេខ៦ក្នុងភូមិសាស្រ្តស្រុកស្ទោង បានស្រកចុះជិតអស់ ហើយ មិនដូចកាលពីប៉ុន្មាន ថ្ងៃមុននោះទេ ដែលបានជន់លិចប្រមាណជា៥គីឡូម៉ែត្រ តែពេលនេះនៅសល់ត្រឹមតែប្រហែល៦០០ម៉ែត្រប៉ុណ្ណោះ ហើយចំពោះទិដ្ឋភាពនៃការធ្វើដំណើរ នៅលើកំណាត់ ផ្លូវជាតិលេខ៦ នៅភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបន្តចារាចរណ៍ជាធម្មតា ចំពោះរថយន្តធនតូច និងរថយន្តដំណើរផ្សេងៗ លើកលែងករណីរថយន្តដឹកទំនិញធុនធ្ងន់។
លោកបានបន្តថាចំពោះទឹកដែលស្រកលើផ្លូវជាតិនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ព្រោះថាពេលនេះប្រទេសកម្ពុជាក៏ដូចជាខេត្តកំពង់ធំ ក៏បានរងនៅ ឥទ្ធិពល សំពាធទាបព្យុះណូរុអាចធ្វើឱ្យមានការជន់លិចឡើងវិញ។
ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក លោកក៏បានដាក់កម្លាំងជាប្រចាំក្នុងការជួយសម្រួលចរាចណ៍ មិនឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ និងបន្តពិនិត្យចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅតែបន្តផ្អាកចរាចរណ៍ ដើម្បីការពារ ការបាក់ស្រុតនៃផ្លូវ នាំឲ្យពិបាកក្នុងការជួសជុលនៅពេលទឹកស្រកចុះ។
លោកបន្តថា ប្រភពទឹកនៅផ្នែកខាងលើគឺទំនប់អាងស្ទាក់ទឹក ៣០កញ្ញា នៅថ្ងៃនេះនៅនឹង ០,១៣ម៉ែត្រ កម្ពស់ទឹកលើបង្ហៀរ ០,៣៧ម៉ែត្រ កម្ពស់ទឹកលើសំណង់ទ្វារ ទឹក៤,០២ម៉ែត្រ កម្ពស់ទឹកនៅក្នុងអាង១៨,៥៧ម៉ែត្រ។
ដោយឡែកភូមិដែលរងគ្រោះដោយទឹកជំនន់ចំនួន៥២ភូមិ លើ៨ឃុំ ស្មើនិង ៥,៨៩២គ្រួសារ លិចក្រោមផ្ទះ ៤,៦២៦ខ្នងផ្ទះ, លិចដីកសិកម្មសរុបចំនួន ៣,៦៧៨ហិកតា, លិចផ្លូវ ៣៧ខ្សែរ ក្នុងនោះមាន ផ្លូវជាតិលេខ៦, ផ្លូវកៅស៊ូឃុំ ១,១០០ម៉ែត្រ, ផ្លូវគ្រួសក្រហម ៣,៣៥១៨ម៉ែត្រ, ផ្លូវដីស៤០៧៩ម៉ែត្រ, លិចទីធ្លាវត្តអារាមចំនួន៧វត្ត, លិចទីធ្លាសាលារៀនចំនួន១៧សាលា, លិចទីធ្លាមណ្ឌលសុខភាព២មណ្ឌល ។
សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ក៏បានចែកអំណោយជាស្បៀង មានគ្រឿង ឧបភោគបរិភោគជូនទៅ ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់បានជាច្រើនផងដែរ៕