(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៦ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និង លោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជាការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស ដាំត្នោតចំនួន ១០,០០០គ្រាប់ នៅសងខាងផ្លូវខែ្សក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ នៅចំណុចបង្គោលព្រំដែនលេខ 033/3 រហូតដល់បង្គោលព្រំដែនលេខ 039 ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ នៃខេត្តស្ទឹងត្រែង។
ថ្លែងក្នុងពិធីនោះ លោក ម៉ុម សារឿន បានគូសបញ្ជាក់ថា ដើមត្នោតជារុក្ខជាតិ ដែលផ្តល់គុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរ តាំងពីសម័យបុរាណកាល តំណាងអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិខ្មែរ។ លោកអភិបាលខេត្ត បានបន្តថា សកម្មភាពដាំដើមត្នោតនេះ គឺជាសកម្មភាពប្រវត្តិសាស្រ្តរបស់ខេត្ត ក្នុងការបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ជាតិ ក៏ដូចជាថែរក្សាអត្តសញ្ញាណ ដួងព្រលឹងជាតិ ការពារអធិបតេ យ្យភាពជាតិ និងបំផុសផ្នត់គំនិតអ្នកជំនាន់ក្រោយ ឲ្យស្រលាញ់នូវអ្វី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សា និងបន្តដាំដើមត្នោត ដើម្បីរក្សាអត្តសញ្ញាណប្រទេសផង និងបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផង ហើយក៏អាចទាក់ទាញទេសចរ ពីប្រទេសដទៃ ដែលគ្មានដើមត្នោតឲ្យមកកម្ពុជាផងដែរ។
សម្តេចតេជោ បានមានប្រសាសន៍ថា ដើមត្នោតខ្មែរ មានសារៈប្រយោជន៍ជាច្រើន ចាប់ពីផ្លែ ស្លឹក និងដើម។ ទន្ទឹមនឹងនេះ ត្នោតក៏ជាអត្តសញ្ញាណ នៃដើមឈើរបស់កម្ពុជាផងដែរ។ ប្រទេសមួយចំនួនគ្មានដើមត្នោតដូចកម្ពុជាទេ តែគេបានយកកូនត្នោតពីកម្ពុជា ទៅដាំលំអរលើកសោភណភាព នៅតាមដងផ្លូវ និងតាមរមណីយដ្ឋានផ្សេងៗ ដែលនេះបង្ហាញថា ដើមត្នោត គឺជាបេះដូង និងមោទនភាពរបស់ពលរដ្ឋកម្ពុជាគ្រប់ៗរូប៕