Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងធម្មការ៖ មានត្រឹមតួនាទីទីប្រឹក្សាគណៈសង្ឃ មិនទទួលបានងារ «ឯកឧត្តម ឬលោកជំទាវ» ឡើយ

29-09-2022 21:38

(ភ្នំពេញ)៖ បុគ្គលដែលត្រូវបានតែងតាំងជាទីប្រឹក្សាគណៈសង្ឃនាយក មិនទទួលបានងារជា «ឯកឧត្ដម ឬលោកជំទាវ» នោះឡើយ លើកលែងអ្នកដែលត្រូវបានតែងតាំងនោះ មានព្រះរាជក្រឹត្យដោយឡែក។ នេះបើតាមការឲ្យដឹងពីលោក សេង សុមុន្នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។

ការចេញមកបញ្ជាក់របស់លោក សេង សុមុន្នី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីមានការយល់ច្រឡំមួយចំនួន ចំពោះការហៅងារ «ឯកឧត្តម ឬលោកជំទាវ» ទៅកាន់ដែលមានតួនាទីជាទីប្រឹក្សាគណៈសង្ឃនាយក ឬទីប្រឹក្សាសម្ដេចសង្ឃ។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ការតែងតាំងជាទីប្រឹក្សាគណៈសង្ឃ មិនមែនជា ឯកឧត្តម មិនមែនជា ជំទាវទេ។ អ្វីដែលមានងារក្នុងសង្ឃប្រកាសដែលបានដាក់ ជាឯកឧត្តម ឬជំទាវ គឺដោយសារមានព្រះរាជក្រឹត្យតែងតាំងផ្សេង មិនមែនដោយសារសង្ឃប្រកាសនោះទេ។ មានជនឱកាសនិយមមួយចំនួន យករឿងនេះដើម្បីធ្វើសកម្មភាពផ្សេងៗ»

លោក សេង សុមុន្នី បានអះអាងថា កន្លងមកមានជនខិលខូចមួយចំនួន បានប្រើប្រាស់ងារ «ឯកឧត្តម ឬលោកជំទាវ» ពាក់ព័ន្ធជាមួយតួនាទីទីប្រឹក្សាសម្ដេចសង្ឃ ទៅប្រើប្រាស់ខុសគោលដៅ ក្នុងចេតនាទុច្ចរិតបោកបញ្ឆោទអ្នកដទៃក្រោមរូបភាពផ្សេងៗ។

លោកបានពន្យល់បន្ថែមថា ក្នុងករណីដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងដែលមានងារជា «ឯកឧត្តម ឬលោកជំទាវ» ហើយនោះ នៅពេលគណៈសង្ឃចេញសង្ឃប្រកាសផ្ដល់តួនាទីជាទីប្រឹក្សាគណៈសង្ឃ ទើបបុគ្គលនោះមានងារជា «ឯកឧត្តម ឬលោកជំទាវ»។ ដោយឡែក សម្រាប់អ្នកដែលមិនមានព្រះរាជក្រឹត្យតែងតាំង មិនទទួលបានងារ «ឯកឧត្តម ឬលោកជំទាវ» ដោយស្វ័យប្រវត្តិ ត្រឹមសង្ឃប្រកាសនោះឡើយ៕