(កំពង់ធំ)៖ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងលោកវរៈសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន២០នាក់ សហការជាមួយប្រជាពលរដ្ឋ លោកមេភូមិ និងសហការី បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែល កំពុងលិចលង់ ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាពលរដ្ឋនៅភូមិកំពង់ឈើទាល ភូមិតាំងក្រង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លើកឡើងនាឱកាសលោក ឃីម សុខឃាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បង្កើនការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ ដោយសារប៉ុន្មាន ថ្ងៃចុងក្រោយនេះមានភ្លៀងខ្លាំងនៅក្នុងស្រុកប្រាសាទសំបូរ។ ដោយឡែកឃុំតាំងក្រសៅ និងឃុំឈូក បានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំងជាងគេ ដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន។
លោកបានបន្ថែមថា ដោយសារស្ថានភាពអាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀង ជាបន្តបន្ទាប់ ថែមទៀតនៅប៉ុន្មាន ថ្ងៃខាងមុខ ហេតុនេះហើយសូមបងប្អូនបង្កើនការប្រយ័ត្នខ្ពស់ ពិសេសសូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំបណ្ដោយឲ្យលេងទឹក និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបង្កើន ការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ។
លោកក៏បានជំរុញឱ្យរដ្ឋបាលឃុំ ត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះ ឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលស្រុក ដើម្បីបានជាមូលដ្ឋាន ក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ។
លោកអភិបាលស្រុក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋសូមជួយកាយលូរដែលស្ទះនៅតាមភូមិឋានរបស់ខ្លួន ដើម្បីជួយសម្រួលការរំដោះទឹកឱ្យបានទាន់ពេលវេលា និងដើម្បីកុំឲ្យមានការកកស្ទះយូរថ្ងៃ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់នៅតាមដងស្ទឹងសែន មានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះទឹកជំនន់នៅតែឡើងជាបន្តបន្ទាប់៕