(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់អនុសាសន៍ចំនួន ៥ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សម្រាប់អភិវឌ្ឍការងារសម្ព័ន្ធមេត្រីភាពឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងឱកាសអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល, អនុសាសន៍ទាំង ៥ចំណុចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមមាន៖
ទី១៖ ត្រូវបន្តចូលរួមគោរពអនុវត្តគោលនយោបាយ, វិធានការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យបានម៉ឺងម៉ាត់តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅពង្រឹង «ខឿនការពាររបស់ប្រជាជន» ដើម្បីធានាដល់ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៅគ្រប់កាលៈទេសៈ។ ទន្ទឹមនេះ នៅក្នុងសភាពការណ៍ចំពោះមុខ ត្រូវលើកកម្ពស់ស្មារតី ពង្រឹងធ្លុងសាមគ្គីជាតិ ពុះពារជម្នះនូវផលវិបាកទាំងឡាយ ដើម្បីសម្រេចគោលដៅភារកិច្ចបម្រើប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយជោគជ័យ។
ទី២៖ ពង្រឹងការងារសម្ព័ន្ធមេត្រីភាពឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវបន្តថែរក្សា ពង្រឹងនិងពង្រីកនូវកិច្ចសហការដែលមានលក្ខណៈជាប្រពៃណីល្អ រវាងកងទ័ព និងប្រជាជនលើកកម្ពស់ «សិល្បៈនៃការចែករំលែក» ដើម្បីញ៉ាំងឱ្យមនសិការចូលរួមចំណែកដោយផ្ទាល់ពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋានទាំងស្ថាប័នរដ្ឋ និងឯកជនទាំងក្នុង និងក្រៅប្រទេស កាន់តែមានលក្ខណៈសកម្មផុលផុសថែមទៀតជាមួយបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ។ ត្រូវខិតខំយកស្មារតីលទ្ធផលជាផ្លែផ្កា ដែលកើតចេញពីសិក្ខាសាលានថ្ងៃនេះ ធ្វើជាគម្រូអនុវត្តភារកិច្ចនៅទូទាំងប្រទេស ដើម្បីឆ្លើយតបឱ្យចំគោលដៅ និងគោលបំណងដែលយើងចង់បានប្រកបដោយភាពស័ក្តិសិទ្ធ។
ទី៣៖ ត្រូវបន្តយកចិត្តទុកដាក់លើយុទ្ធសាស្ត្រសេដ្ឋកិច្ច-សង្គម ទាំងរយៈពេលខ្លីចំពោះមុខ និងរយៈពេលវែងដើម្បីរួមចំណែកអភិវឌ្ឍកងយោធពលខេមរភូមិន្ទ តាមមុខសញ្ញាសម្ព័ន្ធមេត្រីភាពនីមួយៗ ផ្អែកតាមភូមិសាស្ត្រ និងលទ្ធភាពជាក់ស្ដែង ដូចជា៖ ការចងក្រងសហគមន៍ គ្រួសារកងទ័ព ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរកដៃគូអភិវឌ្ឍ ការរកទីផ្សារ។ល។
ទី៤៖ ពាក់ព័ន្ធនឹងការងារសម្ព័ន្ធមេត្រីភាពនេះ ចាំបាច់ត្រូវគិតគូរទៅលើកិច្ចការអាទិភាពធំ២ ទី១៖ ការរកធនធាន និងការគ្រប់គ្រងអង្គភាពឈានទៅម្ចាស់ការស្វ័យអភិវឌ្ឍដោយខ្លួនឯងនាពេលខាងមុខ ដើម្បីរួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ព្រមទាំងបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពឱ្យបម្រើទស្សនវិស័យយូរអង្វែងស្របតាមគោលនយោបាយពង្រឹង «ខឿនការពារជាតិរបស់ប្រជាជន ក៏ដូចជាការចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទី២៖ ការងារសម្ព័ន្ធមេត្រីភាពគប្បីប្រើប្រាស់ឱ្យអស់លទ្ធភាព រួមចំណែកក្នុងការបង្កើតមុខរបរដល់គ្រួសារអតីតយុទ្ធជន កងកម្លាំងដែលត្រៀមចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ពិការគ្រួសារពលី មរណៈ អតីតយុទ្ធជន និងគ្រួសារ ពិសេសគិតគូរការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាទទួលយកនិវត្តន៍ជនតាជំនាញ និងវិស័យដែលអាចធ្វើទៅបានដើម្បីបន្តនិរន្តរភាព ជីវភាពគ្រួសារនិវត្តន៍ជននិងអតីតយុទ្ធជន។
និងទី៥៖ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ដល់យន្តការរយៈពេលវែង ធ្វើឱ្យមានវឌ្ឍនភាពក្នុងទស្សនវិស័យបម្រើឱ្យសមត្ថភាពវិជ្ជាជីវៈដល់សហគមន៍គ្រួសារកងទ័ព និងអតីតយុទ្ធជន ដើម្បីលើកកម្ពស់ជីវភាពរស់នៅកាន់តប្រសើរឡើង ដែលនឹងអាចជួយរួមចំណែកផ្គត់ផ្គង់ ជីវភាពគ្រួសារផង និងចូលរួមបង្កើនផលិតភាពក្នុងសង្គមអភិវឌ្ឍសេដ្ឋកិច្ចជាតិផង ហើយមួយផ្នែកទៀតនៃការងារសម្ព័ន្ធមេត្រីភាព គឺជាការចូលរួមចំណែកដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការស្ថាបនាសំណង់ការពារជាតិ។ល។ ទន្ទឹមនេះ ត្រូវលើកទឹកចិត្ត និងផ្សព្វផ្សាយរាល់ព័ត៌មានតាមគ្រប់រូបភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយនានាពីសមិទ្ធផល និងសកម្មភាព ស្នាដៃផ្សេងៗរបស់ម្ចាស់ជំនួយឱ្យបានទាន់ពេលវេលា ដោយស្មារតីទទួលខុសត្រូវខ្ពស់៕