(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ ។
នេះជាលើកទីពីរហើយ ចាប់ពីឆ្នាំ២០១១មក ដែលយុវសិស្សវិទ្យាល័យអង្គរជុំ ទទួលការបំពាក់កន្សែងកាកបាទក្រហមកម្ពុជា មានចំនួន៥៥រូប នៅវិទ្យាល័យផ្ទាល់។ លើកទី១កន្លងមក អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ ធ្វើការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំចំនួន២១រូប ។ ដូចនេះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ មានយុវជនកាកបាទក្រហម សរុបចំនួន៧៦រូបហើយ។
បច្ចុប្បន្នសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួ ១,០៦៨រូប ដែលតាមរយៈនេះប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចូលរួមសកម្មភាពក្នុងវិទ្យាល័យ ក៏ដូចជាសម្មភាពមនុស្សធម៌ ក្នុងសង្គមផងដែរ។
ក្នុងឱកាសនោះ លោកស្រី គួយ ណាលីន បានលើកឡើងថា ការបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ខេត្តទទាំ៥៥រូបនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាដោយសហការ ជាមួយអនុសាខាកាកបាទក្រហកម្ពុជា ស្រុកអង្គរជុំ ក្នុងការកសាងធនធានមនុស្សបន្តវេន របស់សមាគមជាតិយើង។ ពិសេសទៅទៀតនោះ ដើម្បីចូលរួមអប់អរសាទរ ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មវស្សាព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
លោកស្រីបានលើកឡើងទៀតថា កន្លងមកប្អូនៗបានយកចិត្តទុកដាក់ គោរពវិន័យសាលា ខិតខំរៀនសូត្រដែលជាកាតព្វកិច្ចចម្បងរបស់ប្អូនៗ ក៏ដូចជាបានចូលរួមក្នុងការអប់រំ សុខភាពអនាម័យ បង្ការជំងឺឆ្លង អប់រំពីជម្ងឺអេដស៍ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ចូលរួមពលកម្មសម្អាតបរិស្ថានក្នុងវិទ្យាល័យ និងទីធ្លាសាធារណៈផងដែរ៕