(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីចុះប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកស្រី ម៉ម មឿន មានអាយុ ៥៦ឆ្នាំ ជាស្រ្តីមេម៉ាយមានកូនក្នុងបន្ទុកចំនួន៤នាក់ ត្រូវជាភរិយាលោក វែន កុសល ជាយោធិននៅអង្គភាពកងពលលេខ២ចាស់ ហើយបានពលីជីវិត នៅក្នុងសមរភូមិប្រយុទ្ធជាមួយខ្មាំងក្នុងអំឡុង ឆ្នាំ១៩៩១ នៅសមរភូមិអានសេះ ក្នុងខេត្តព្រះវិហារ បច្ចុប្បន្នមានជំរកស្នាក់នៅមិនសមរម្យ ។
ឧត្ដមសេនីយ៍ទោ បានបន្ថែមថា ដោយឃើញពីការលំបាកនេះ អាជ្ញាធរដែនដី និងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសុំការ សម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈនាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
សូមជម្រាបថា នៅក្នុងពិធីប្រគល់ផ្ទះថ្មីពេលនេះ លោកឧត្តមសេនីយ៍ទោ បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ។
លោកស្រី ម៉ម មឿន គ្រួសារអតីតយុទ្ធជនពលី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែនឹងពុទ្ធពរទាំង ប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេច តេជោ ហ៊ុន សែន ជារៀងរហូត៕