(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងក្រុមការងារបាននាំយកស្បៀងចែកជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ មកពី ៦ ភូមិក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ក្នុងស្រុកប្រាសាទបល្ល័ង្ក កម្ពស់ទឹកចាប់ផ្ដើមហក់ឡើងចាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន០៤រួមមាន ឃុំសាគ្រាម ឃុំដូង ឃុំផាន់ញើម និងឃុំក្រយា បង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ដោយឡែក ឃុំសាគ្រាម បានទទួលរងផលប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀនចំនួន០៦កន្លែង វត្តអារាមចំនួន០៣ មណ្ឌលសុខភាពចំនួន០១កន្លែង ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន២៧៥ខ្នង លើភូមិចំនួន០៩ ទឹកលិចផ្លូវកៅស៊ូចំនួន៨,៤០០ ម៉ែត្រ ទឹកលិចផ្លូវលំចំនួន៩,០០០ម៉ែត្រ ទឹកលិចស្ពានចំនួន០៥ និងហូរដាច់ស្ពានចំនួន០១ ស្រូវដែលរងផលប៉ះពាល់ ចំនួន៨១៤ ហិចតា ប៉ះពាល់ដល់ដំណាំស្រូវកណ្តាល៤៧២ហិចតា ដំណាំផ្សេងៗសរុបចំនួន៥៣៣ហិចតា ដំឡូងមីចំនួន៥៣៣ហិចតា។
លោក ងួន រតនៈ បាននាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយអំណោយមនុស្សធម៌នេះ គឺដើម្បីឆ្លើយតបនិងគ្រោះមហន្តរាយទឹកជំនន់ជួយដល់គ្រួសាររងគ្រោះឲ្យបានទាន់ពេល។
អំណោយក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ៕