Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ មេដឹកនាំ និងពលរដ្ឋខ្មែរ អាចទៅធ្វើការ និងដើរកម្សាន្តគ្រប់កន្លែង គ្មានការបារម្ភពីភេរវកម្មឡើយ

06-06-2016 20:33

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ក្រោមដំបូលសន្តិភាពនាពេលបច្ចុប្បន្ន មេដឹកនាំ និងប្រជាពលរដ្ឋខ្មែរ អាចធ្វើដំណើរទៅបំពេញការងារ ឬសម្រាកកម្សាន្តនៅគ្រប់ទីកន្លែង ដោយមិនមានការព្រួយបារម្ភពីការវាយប្រហារ ដោយភេរវកម្ម ដែលបណ្តាប្រទេសជាច្រើន ក្នុងពិភពលោក កំពុងព្រួយបារម្ភនោះឡើយ។

ជាមួយរូបភាពជាច្រើនសន្លឹក ពេលកំពុងចុះងូតទឹកលំហែកាយ នៅឆ្នេសមុទ្រក្នុងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រូបថតនេះមិនបង្ហាញពីរូបភាពខ្ញុំ ជានាយករដ្ឋមន្ត្រីទេ តែចង់បង្ហាញថា ប្រទេសកម្ពុជាយើងមានសន្តិភាពគ្រប់ទីកន្លែង ដែលប្រជាជនក៏ដូចមេដឹកនាំអាចធ្វើដំណើរ បំពេញការងារ ឬសម្រាកកម្សាន្ត ដោយគ្មានការបារម្ភពីការវាយប្រហារ ដោយភេវរកម្មនោះឡើយ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីការអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេច ក៏បានធ្វើដំណើរតាមរថយន្តបន្តតាមដងផ្លូវជាតិ លេខ៣ ហើយក៏បានចូលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមដងផ្លូវ ក៏ដូចជាអាជីវករក្នុងផ្សារ ទីរួមខេត្តកំពត ប្រកបដោយភាពស្និទ្ធស្នាល។

នៅយប់នេះសម្តេចតេជោ សម្រាកនៅក្នុងខេត្តព្រះសីហនុ ដើម្បីត្រៀមអញ្ជើញជាអធិបតីសម្ពោធដាក់ដំណើរការ រោងចក្រទី១០០ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ៕