(ភ្នំពេញ)៖ ទាំងសាលាដំបូង, សាលាឧទ្ធរណ៍ និងតុលាការកំពូល របស់ប្រទេសបារាំង សុទ្ធតែបានកាត់ក្តីថា លោក សម រង្ស៉ី ពិតជាបានបរិហារកេរ្តិ៍ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រាកដមែន។ ប៉ុន្តែលោក សម រង្ស៉ី នៅតែបន្តនិយាយបំភ្លៃពីការពិតទាំងស្រុង ដោយលើកឡើងថា រឿងក្តីនេះលោកជាអ្នកឈ្នះទៅវិញ។
សូមជម្រាបថា នៅក្នុងសៀវភៅរបស់ខ្លួន ដែលមានចំណងជើងថា «Des raciness dans la pierre - mon combat pour la renaissance du Cambodge (ឫសក្នុងថ្ម - ការប្រយុទ្ធរបស់ខ្ញុំ ដើម្បីរស់ឡើងវិញនៃកម្ពុជា)» បោះពុម្ភនៅប្រទេសបារាំង ក្នុងខែឧសភា ឆ្នាំ២០០៨ លោក សម រង្ស៉ី បានចោទលោក ហោ ណាំហុង ថាបានសហការជាមួយខ្មែរក្រហម ក្នុងអំឡុងពេលខ្មែរក្រហមកំពុងកាន់អំណាច និងបានបង្កឲ្យមានការសម្លាប់មនុស្សជាច្រើននាក់ ក្នុងនោះរួមមានសមាជិករាជវង្សផងដែរ។
ជាលទ្ធផល តុលាការគ្រប់ជាន់ថ្នាក់នៅប្រទេសបារាំង បានទទួលស្គាល់ការបរិហារកេរ្តិ៍ របស់លោក សម រង្ស៉ី លើលោក ហោ ណាំហុង តាមរយៈ៖
១៖ តាមសាលក្រមចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៩ របស់សាលាដំបូងផ្នែករដ្ឋប្បវេណី ក្រុងប៉ារីស ដែលបានវិនិច្ឆ័យថា ទឡ្ហីករណ៍ទាំងនេះ គឺជាការបរិហារកេរ្តិ៍ទៅលើលោក ហោ ណាំហុង និងថា លោក សម រង្ស៉ី បានបំភ្លៃព័ត៌មានដែលខ្លួនដឹង និងខ្វះការប្រយ័ត្នយ៉ាងធ្ងន់ធ្ងរ។
២៖ សាលាឧទ្ធរណ៍ក្រុងប៉ារីស បានចេញសាលដីកាមួយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១០ ដោយទទួលស្គាល់ចរិតលក្ខណៈបរិហាកេរ្តិ៍ នៃពាក្យពេចន៍ ដែលបានប្រើទៅលើលោក ហោ ណាំហុង និងដោយបញ្ជាក់ថា លោក សម រង្ស៊ី បានបំភ្លៃព័ត៌មានដែលខ្លួនដឹង និងខ្វះការប្រុងប្រយ័ត្ន។
៣៖ តុលាការកំពូល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ ក៏បានសម្រេចទទួលស្គាល់ការបរិហារកេរ្តិ៍នោះដែរ តែសម្រេចឲ្យលោក សម រស្ស៉ី ត្រូវទទួលបានការអភ័យទោសដោយសុទ្ធចិត្ត និងត្រូវបានលើកលែងទោសទាំងអស់៕
នេះមានន័យថា តុលាការកំពូល របស់បារាំង បានវិនិច្ឆ័យថា លោក សម រង្ស៉ី ពិតជាមានកំហុស និងឲ្យចាញ់ក្តីលោក ហោ ណាំហុង ពិតមែន ប៉ុន្តែដោយសារតែការអាណិតអាសូរ ទើបសម្រេចឲ្យលោក សម រស្ស៉ី ត្រូវទទួលបានការអភ័យទោសដោយសុទ្ធចិត្ត និងត្រូវបានលើកលែងទោសទាំងអស់៕