(ភ្នំពេញ)៖ លោក សេង សុមុន្នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា ក្នុងនោះមានវត្តរបស់គណៈមហានិកាយ ចំនួន៤,៨៤៣វត្ត និងគណៈធម្មយុត្តិ ចំនួន២៦១វត្ត។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោម ប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងធម្មការ និងសាសនា» លោក សេង សុមុន្នី ក៏បានឲ្យដឹងអំពីចំនួនព្រះសង្ឃនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលបច្ចុប្បន្នមានចំនួន ៧០,៩០៥អង្គ ក្នុងនោះគណៈមហានិកាយចំនួន៦៨,៤៧៦អង្គ និងគណៈធម្មយុត្តិ ចំនួន២,៤២៩អង្គ។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនារូបនេះ បានបញ្ជាក់ទៀតថា ចំនួនវត្តអារាម និងព្រះសង្ឃ គឺមិនបានរាប់បញ្ចូលនៅក្រៅប្រទេសនោះទេ ពោលក្រសួងមានតួលេខតែនៅក្នុងប្រទេសប៉ុណ្ណោះ ខណៈនៅក្រៅប្រទេសស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនោះ។
ក្រៅពីវត្តអារាម ក្រសួងធម្មការ និងសាសនា ក៏បានបង្ហាញអំពីតួលេខ អាស្រមដែលមានចំនួន១៤៤, មណ្ឌលវិបស្សនា ចំនួន១៤៤, អាចារ្យ អាចារិនី ចំនួន១៥,១២៤រូប, តាជី ចំនួន៩,៩៥៣រូប, ដូនជី ចំនួន៣,០៦៣រូប, សិស្សនិស្សិតស្នាក់តាមវត្ត ចំនួន៧,៧៨៥រូប, ក្មេងកំព្រាស្នាក់នៅតាមវត្ត ចំនួន២,២០១រូប និង ជនគ្មានទីពឹងស្នាក់នៅតាមវត្ត ចំនួន៥៨៨រូប។
លោក សេង សុមុន្នី បានបន្ថែមថា សម្រាប់សាសនាផ្សេងៗ ឥស្លាម មានវិហារ/វត្ត ចំនួន៥៧៦កន្លែង, ស៊ូរ៉ាវ ចំនួន៧៩៧កន្លែង, សាលា ចំនួន៥៥៧កន្លែង, អង្គការសមាគម ចំនួន២៤កន្លែង សាសនិកខ្មែរឥស្លាមសរុបរួម ចំនួន៦៩៤,៦៧៥នាក់។ គ្រិស្ត មានវិហារ/វត្ត ចំនួន៧២៦កន្លែង, ស្នាក់ការថ្វាយបង្គំ ចំនួន១,៤៣៩កន្លែង, សាលា ចំនួន១,០១៣កន្លែង, អង្គការសមាគម ចំនួន១១៧កន្លែង មានបរិស័ទ ចំនួន១១៥,១២៣នាក់។ មហាយាន កន្លែងគោរពប្រតិបត្តិ ចំនួន២៦៩កន្លែង បរិស័ទរួម ចំនួន៣៦,៧២៨នាក់។ បាហៃ កន្លែងគោរពប្រតិបត្តិ ចំនួន២២កន្លែង បរិស័ទ ចំនួន២,៨០៤នាក់។ កៅដាយ កន្លែងគោរពប្រតិបត្តិ ចំនួន៣កន្លែង បរិស័ទចំនួន៤៤០នាក់៕