(ក្រចេះ)៖ ជំនន់ទឹកភ្លៀងបានជន់លិចស្រូវ សន្ទូង និងដំណាំផ្សេងៗទៀតរបស់ប្រជាពលរដ្ឋ នៅឃុំចំនួន២ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ខណៈប្រជាពលរដ្ឋជាង ២០គ្រួសារ ព្រមទាំងសត្វពាហនៈជាច្រើនក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកឆ្លូង បានឲ្យដឹង នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យខូចខាតដំណាំប្រជាពលរដ្ឋចំនួនពីរឃុំ ក្នុងស្រុកឆ្លូង គឺឃុំ ពង្រ និង ឃុំដំរីផុង។ ក្នុងនោះ ឃុំពង្របានរងផលប៉ះពាល់រួមមាន ស្រូវពង្រោះ ចំនួន២១៣ហិកតា និងឃុំដំរីផុង ប៉ះពាល់ផ្ទះចំនួន៧១ខ្នង ស្មើ៩២គ្រួសារ សាលារៀន២ខ្នង សូរ៉ាវ២កន្លែង អណ្តូងទឹក២កន្លែង បង្គន់អនាម័យ តាមខ្នងផ្ទះ១៥បង្គន់ តូបលក់ដូររបស់ប្រជាពលរដ្ឋ៦តូប លូកាត់ផ្លូវចំនួន៤កន្លែង លិចផ្លូវក្រាលក្រួសក្រហម១ខ្សែប្រវែង៥០០០ម៉ែត្រ និងលិចស្រូវពង្រោះ ១៧ហិកតា។
អាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពចំនួនជាង ២០គ្រួសារ មានទាំងសត្វគោក្របី ចំនួន៨៨ក្បាលផងដែរ។
លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តី កងកម្លាំងស្រុកចុះត្រួតពិនិត្យនៅតាមមូលដ្ឋាន ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋ ហើយនាំយកអំណោយខ្លះៗទៅឧបត្ថមពួកគាត់ ក្នុងអំឡុងពេលជម្លៀសនោះ។
គួរបញ្ជាក់ផងដែរ រយៈពេលប៉ុន្មានថ្ងៃជាប់គ្នាកន្លងទៅនេះ ស្ថានភាពមេឃងងឹតអួរអាប់ភ្លៀងធ្លាក់ជាប់ៗគ្នា បណ្ដាលឲ្យតំបន់វាលទំនាបមួយចំនួន ដែលនៅជាប់នឹងស្ទឹងបឹងអូរព្រែកជាដើម ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង លិចស្រូវសន្ទូង និងដំណាំផ្សេងទៀត តែទោះជាយ៉ាងណាមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរទេ៕