(ភ្នំពេញ)៖ ក្រោយពីការប្រកាសថា ក្នុងពេលឆាប់ៗខាងមុខនេះ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងមានបង្រៀនភាសាតួកគី (Turkish Language) និងបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម (Department of Vietnamese Studies) ស្ថាប័នស្រាវជ្រាវរបស់ជាតិដ៏ធំ ក៏បានប្រកាសថា នឹងមានបង្រៀនភាសាអេស្ប៉ាញ (Spanish Language) ផងដែរ។
លោកបណ្ឌិតសាកលវិទ្យាធិការ ជេត ជាលី បានប្រាប់បណ្តាញ Fresh News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថា «ទាំងភាសាតួកគី និងភាសាអេស្ប៉ាញ គឺសាកលវិទ្យាល័យយើង កំពុងធ្វើកិច្ចការបច្ចេកទេសលើរឿងនេះ។ យើងព្យាយាមយ៉ាងខ្លាំង ដើម្បីចាប់ផ្តើមឆ្នាំសិក្សាថ្មី។ ស្ថានទូតតួកគី អាចបញ្ជាក់ពីការបើកថ្នាក់រឿនឆាប់ៗនេះ ជាមួយពួកយើង។ ភាសាអេស្ប៉ាញ នឹងត្រូវបានបង្រៀនផងដែរ ក្រោយពីការបើកបង្រៀនភាសាតួកគី»។
លោកបណ្ឌិត បានបន្ថែមថា ចំពោះភាសាតួកគី គឺស្ថានទូតតួកគីនៅកម្ពុជា ជួយទាំងអស់ រួមទាំង គ្រូបង្រៀន សៀវភៅសិក្សា ការតាក់តែងកម្មវិធីសិក្សា និងសូម្បីតែការជួសជុល និងបំពាក់សម្ភារៈក្នុងថ្នាក់រៀន។ ចំពោះភាសាអេស្ប៉ាញ គឺត្រូវបានបង្កើតគម្រោងមួយ ដោយចាប់ផ្តើមជាវគ្គសិក្សាខ្លីសិន មុនពេលបង្កើតថ្នាក់បរិញ្ញាបត្រភាសានេះ។
បើតាមលោកបណ្ឌិត ជេត ជាលី មានប្រទេសជាច្រើនកំពុងតែប្រើប្រាស់ភាសាអេស្ប៉ាញ ជាភាសាផ្លូវការ ខណៈដែលកម្ពុជាក៏មានចំណងការទូតជាមួយប្រទេសទាំងនោះដែរ។ កម្ពុជា អាចធ្វើការជាមួយប្រទេសទាំងនោះ ក្នុងការបើកភាសាអេស្ប៉ាញ។
លោកបណ្ឌិត បន្តទៀតថា «យើងមានគោលដៅបើកបង្រៀនភាសាជាច្រើន នៅសាកលវិទ្យាល័យយើង ដើម្បីឲ្យស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះ ក្លាយជាមជ្ឈមណ្ឌលភាសាដ៏ល្អនៅកម្ពុជា»។
លោកបណ្ឌិត ជេត ជាលី ថ្លែងដែរថា សម្រាប់ភាសាសមាជិកអាស៊ាន ដែលមនុស្សច្រើនប្រើ គឺឥណ្ឌូនេស៉ី ម៉ាឡេស៉ី ថៃ វៀតណាម តាកាឡុក (ហ្វីលីពីន) ខណៈគ្រឹះស្ថានបណ្តុះបណ្តាលដ៏ចំណាស់មួយនេះ មានបង្រៀនតែភាសាថៃ និងវៀតណាម ហេតុនេះហើយ គ្រោងឲ្យមានភាសាជាច្រើនទាំងក្នុងតំបន់ និងអន្តរជាតិ។
សូមជម្រាបថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បាននិងកំពុងបង្រៀនឯកទេសភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយក៏គ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់ Fresh News ឲ្យដឹងថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាបរទេសនៅកម្ពុជា មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ ជាមួយបណ្តាប្រទេសជាមិត្ត តាមរយៈការលើកកម្ពស់ការរៀន និងបង្រៀន នៅកម្រិតឧត្តមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធដទៃទៀត៕