(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យសកម្មជនដីធ្លីទាំង៧នាក់ ដែលស្លៀកពាក់ខ្មៅ ស្រែកទាមទារឲ្យមានការដោះលែង អ្នកជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនោះ ត្រឡប់ទៅវិញហើយ ក្រោយធ្វើកិច្ចសន្យារួចមក។ មន្រ្តីសាលាខណ្ឌដង្កោ បានឲ្យដឹងថា «នៅម៉ោង៦នេះ ខាងគណៈបញ្ជាការឯកភាព បានឲ្យពួកគាត់ត្រឡប់វិញហើយ ក្រោយពីបានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពទៅថ្ងៃមុខទៀត ហើយលោកអធិការក៏បានសូត្រច្បាប់ នៅចំពោះមុខពួកគេផងដែរ ដើម្បីឲ្យដឹងថា ការធ្វើបែបនេះនឹងប្រឈមទោសទណ្ឌអ្វីខ្លះ»។
សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនក្រុមសកម្មជនដីធ្លីចំនួន៧នាក់ (ស្រ្តីទាំងអស់) ដែលពួកគេស្លៀកពាក់ពណ៌ខ្មៅហើយលើកបដាស្រែកតវ៉ា នៅមុខពន្ធនាគារព្រៃស ដើម្បីចង់ឲ្យមានការដោះលែងមន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប ទាំង៥នាក់ ដែលកំពុងជាប់ឃុំឃាំង។ សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៧នាក់រួមមាន៖ ទី១-ឈ្មោះ អ៊ីម ស្រីទូច ភេទស្រី អាយុ៤៤ឆ្នាំ (ថ្មគោល) ទី២-ឈ្មោះ ជុំ ង៉ាន់ ភេទស្រី អាយុ ៤៥ឆ្នាំ (បុរីកីឡា)ទី៣-ឈ្មោះ ច្រាយ នីម ភេទស្រី អាយុ៣៨ឆ្នាំ (ថ្មគោល) ទី៤-ឈ្មោះ ង៉ូវ ណារី ភេទស្រី អាយុ៥៦ឆ្នាំ (បុរីកីឡា) ទី៥-ឈ្មោះ ហុីម ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ (ភ្នំពេញថ្មី) ទី៦-ឈ្មោះ សោម សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ (បុរីកីឡា) និង៧-ឈ្មោះ ជិន ស្រុីន ភេទស្រី អាយុ៦៨ឆ្នាំ (បុរីកីឡា)។
សូមបញ្ជាក់ថា ក្រុមសកម្មជនដីធ្លីទាំងនេះ បានយកថ្ងៃចន្ទ សម្រាប់ស្លៀកពាក់ខ្មៅក្នុងយុទ្ឋនាការ «ថ្ងៃចន្ទអាវខ្មៅ» ដើម្បីទាមទារឲ្យមានការដោះលែងតំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំងនិងក្រុមសង្គមស៊ីវិល ពិសេសមន្ត្រីអង្គការអាដហុកនិង គ.ជ.ប៕