(ភ្នំពេញ)៖ ទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចសុទ្ធតែបានលើកឡើងពី តួនាទីដ៏សំខាន់របស់គណបក្សកុម្មុយនីស្តចិន ដែលមិនត្រឹមតែសម្រាប់ចិន តែសម្រាប់ពិភពលោកទាំងមូល។ បក្សកុម្មុយនីស្តចិននឹងរៀបចំសមាជ លើកទី២០ របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមចំពោះលទ្ធផល ដែលនឹងកើតចេញពីសមាជ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកម្មុយនីស្តចិន ហើយចាត់ទុកថា ជាសមាជប្រវត្ថិសាស្ត្រ សម្រាប់ពិភពលោកទាំងមូល។
«សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែ តុលា ២០២២ ខាងមុខនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់គណបក្ស ក្នុងការកំណត់ទិសដៅបន្តរបស់គណបក្ស ពាក់ព័ន្ធនឹងអភិបាលកិច្ចបក្សផង និងអភិបាលកិច្ចប្រទេសជាតិផង»។ នេះគឺជាប្រសាសន៍របស់លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន។
ទាក់ទងនឹងតួនាទីរបស់គណបក្សកុម្មុនីស្តិចិន លោកជំទាវ បានលើកឡើងដែរថា «ពាក់ព័ន្ធនឹងតួនាទីរបស់គណបក្សកម្មុយនីស្តចិន ខ្ញុំយល់ឃើញថា គណបក្សបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសុខសន្តិភាព ភាពសុខុដុមរមនា និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស សម្រាប់សង្គមចិនទាំងមូល។ ខ្ញុំសូមកោតសរសើរ និងអបអរសាទរដោយស្មោះសរ ចំពោះការសម្រេចបានកន្លងមក នូវសមិទ្ធផលអភិវឌ្ឍន៍ជាតិយ៉ាងធំធេង ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្តម ប្រធានរដ្ឋចិន Xi Jinping អគ្គលេខាធិការបក្ស ជាប្រមុខ ជាពិសេស ការសម្រេចបាននូវគោលដៅ ១០០ឆ្នាំ ទី១ កាលពីឆ្នាំ ២០២១ ក្នុងការលុបបំបាត់ទាំងស្រុងនូវភាពទីទ័លក្រពីសង្គមចិន និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនចិនទាំងមូល ទោះបីទទួលរងនូវផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។ លើសពីនេះទៀត ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង ចំពោះវិធានការឆ្លើយតបភ្លាមៗ និងទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ កន្លងមក ក្នុងប្រទេស ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល»។
លោកស្រីបន្តថា ក្រៅពីនេះ ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តចិន ប្រទេសចិនក៏បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចសកល ជាមជ្ឈមណ្ឌលផលិតកម្ម និងឧស្សាហកម្មយ៉ាងសំខាន់ដល់ចរន្តសេដ្ឋកិច្ចសកល និងជាទីផ្សារដ៏ធំបំផុត សម្រាប់ពិភពលោក ដែលលោកជំទាវផ្ទាល់ សូមវាយតម្លៃខ្ពស់បំផុត។
លោកស្រី ក៏សូមជូនពរឲ្យសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រព្រឹត្តទៅដោយជោគជ័យ ហើយក្រោមមាគ៌ាអភិវឌ្ឍន៍ជាតិ ស្របតាមលក្ខណៈពិសេស របស់ចិន លោកស្រីមានជំនឿជឿជាក់ថា ប្រទេសចិននឹងបន្តសម្រេចបាននូវការរីកចម្រើនគ្រប់វិស័យ និងបន្តឆ្ពោះទៅសម្រេចបាននូវ គោលដៅ ១០០ឆ្នាំ ទី២ របស់ខ្លួន ក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុដុមរមនា នៅឆ្នាំ២០៤៩។
ទាក់ទងនឹងសមាជិកបក្សកុម្មុយនីស្តចិន លើកទី២០ នាពេលខាងមុខនេះដែរ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយកមន្ត្រី បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា នេះគឺជាសមាជមានលក្ខណៈជាប្រវត្ថិសាស្ត្រ មិនមែនសម្រាប់តែប្រទេសចិនទេ ប៉ុន្តែគឺសម្រាប់ពិភពលោកទាំងមូល ដែលគ្រប់គ្នាកំពុងទទឹងរង់ចាំលទ្ធផលពីសមាជនេះ។
« ជូនពរនិងអបអរសាទរចំពោះសមាជខាងមុខនេះ សូមឲ្យដំណើរទៅដោយជោគជ័យ និងដោយរលូន »
សម្រាប់តួនាទីរបស់បក្សកម្មុយនីស្តចិន លោកបានវាយតម្លៃថា «ភាគច្រើន យើងឃើញហើយ អ្នកដែលតាមដានបានស្វែងយល់ពីតួនាទីដ៏សំខាន់ របស់បក្សកម្មុយនីស្តចិន បានឃើញថា ប្រទេសចិនមានការរីកចម្រើនមកដល់ថ្ងៃនេះ តើតួនាទីរបស់របស់គណបក្សកម្មុយនីស្តចិន បានដើរតួនាទីយ៉ាងដូចម្តេច? បានន័យថា គណបក្សបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការធ្វើឲ្យចិនប្រែក្លាយជាប្រទេសមួយ ដែលឆ្លងកាត់ការប្រឈមរាប់មិនអស់ នៅក្នុងប្រទេសផង តំបន់ផង និងពិភពលោកផង ប៉ុន្តែបានប្រែក្លាយជាប្រទេសមួយ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យតួនាទីរបស់ចិនកាន់តែមានសារៈសំខាន់ មានលក្ខណៈជាយុទ្ធសាស្ត្រ នៅក្នុងតំបន់ និងសកលលោក លើគ្រប់វិស័យ....យើងវាយតម្លៃបានថា គណបក្សកម្មុយនីស្តចិននឹងបន្តតួនាទីរបស់ខ្លួន ក្នុង១០០ឆ្នាំមុខទៀត ពីព្រោះថា ការដឹកនាំរបស់បក្សកន្លងមកនេះឆ្លុះបញ្ជាំង ថា បក្សបានដឹកនាំក្នុងផ្លូវត្រូវ ទើបបានចិនរីកចម្រើន អភិវឌ្ឍ ប្រែក្លាយប្រទេសចិនទាំងមូល មានការឈានមុខ មកដល់បច្ចុប្បន្ន មានការលូតលាស់ ធ្វើឲ្យចិនប្រែមុខមាត់ មានកិត្យានុភាពជាសកល»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរង់ចាំលទ្ធផលសំខាន់ៗអ្វីខ្លះ ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលាខាងមុខនេះ៖ «យើងខ្ញុំតែងតែតាមដាន និងយកចិត្តទុកដាក់ អំពីសភាពការណ៍ដែលកើតឡើង ថាតើការដឹកនាំប្រកបដោយមាគ៌ាដ៏ត្រឹមត្រូវ របស់បក្សកម្មុយនីស្តចិន មានរបត់ថ្មីអ្វីខ្លះទៀត ដើម្បីយកមកពិចារណា និងប្រៀបធៀបជាមួយនឹង ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»។
លោក សុខ ឥសាន ក៏សូមជូនពរនិងអបអរសាទរ និងមានមោទនភាពដ៏ខ្ពស់ខ្ពស់ ដើម្បីជូនពរឲ្យសមាជបក្សកុម្មុយនីស្តចិន លើកទី២០ នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងស្វែងរកនូវមាគ៌ាដ៏ភ្លឺស្វាង ជាមួយនឹងការដឹកនាំសង្គមចិនទាំងមូល ឈានឆ្ពោះទៅរកដំណើរ ប្រកបដោយជ័យជំនះទូទាំងប្រទេសចិន ក៏ដូចជា សាយភាយនូវឥទ្ធិពលជាវិជ្ជមាន កើតចេញពីសមាជនេះ ទៅដល់បណ្តាប្រទេសនានា នៅលើពិភពលោក៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)